v9

ចាន់ វឌ្ឍនាកា​ ឈរ​លេខ​២ក្នុង​ចំណោម​ Super Stars ទាំង ៥​រូប​ប្រចាំ​តំបន់​អាស៊ាន​

2 months ago​ | ដោយ Neymar

បន្ទាប់​ពី​​សហព័ន្ធ​បាល់ទាត់​ថៃ​បាន​ចេញ​​គោលការណ៍​ថ្មី​មួយ​ដោយ​តម្រូវ​ឲ្យ​ក្លឹប​នៅ​លីគ​កំពូល​ និង​លីគ​លំដាប់​ទី​២​របស់​ខ្លួន​ចុះ​កុងត្រា​យក​កីឡាករ​​ពី​តំបន់​អាស៊ាន​១​រូប​ក្នុង​ចំណោម​កូតា​កីឡាករ​បរទេស​៥​រូប ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចាប់​អារម្មណ៍​ឃើញ​កីឡាករ​៥​រូប​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​សមត្ថភាព​លេង​នៅ​លីគ​កំពូល​ថៃ​បាន។ Sabay បង្ហាញ​ព័ត៌មាន​ខ្លី​ៗ​ពី​កីឡាករ​ទាំង​៥​នាក់​នេះ​ដែល​ស្រង់​ចេញ​​ពី​ fourfourtwo។​

១- ខ្សែ​ប្រយុទ្ធ​ Javier Patino

superstar1

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​ហ្វីលីពីន​​កាត់​អេស្ប៉ាញ​ Patino​ ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ទឹក​ដី​ថៃ​គឺ​ក្លឹប​ Buriram ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣​ បាន​ជួយ​ឲ្យ​ក្លឹប​មួយ​ឈ្នះ​ពាន​លីគ​ថៃ។ រូប​គេ​បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​លីគ​កំពូល​ចិន​ Henan Jianye ក្នុង​តម្លៃ​ទឹក​ប្រាក់​១,១៤​លាន​ដុល្លារ​អាមេរិក។ ចំពោះ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ Henan Jianye រដូវ​កាល​ដំបូង​រក​​បាន​​១១​គ្រាប់​ និង​រក​បាន​១៧​គ្រាប់​សម្រាប់​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។ រូប​គេ​កំពុង​តែ​រីក​រាយ​នៅ​ទឹក​ដី​​ចិន​ ដូច្នេះ​មិន​ប្រាកដ​ថា​ រូប​គេ​អាច​វិល​ត្រឡប់​មក​ថៃ​វិញ​ឬ​យ៉ាង​ណា​ទេ។ តារា​វ័យ​២៨​ឆ្នាំ​នេះ​នឹង​ក្លាយ​ជា​មុខ​សញ្ញា​សម្រាប់​កូតា​កីឡាករ​អាស៊ាន​របស់​ក្លឹប​លីគ​ថៃ។

២- ចាន់ វឌ្ឍនាកា​

superstar2

ចាន់ វឌ្ឍនាកា ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បឹង​កេត​អង្គរ ​ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់។ កីឡាករ​ដើម​កំណើត​នៅ​ខេត្ត​កំពត​រូប​នេះ មិន​ត្រឹម​តែ​មាន​ក្លឹប​នៅ​ថៃ​ចង់​បាន​នោះ​ទេ ​សូម្បី​តែ​ក្លឹប​នៅ​លីគ​ជប៉ុន​ក៏​ធ្លាប់​អញ្ជើញ​រូប​គេ​ទៅ​ធ្វើ​តេស្ដ ​ហាត់​សម​លេង​ផង​ដែរ។ យ៉ាងណាមិញ ​អនាគត​របស់​កីឡាករ​ម្នាក់​នេះ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ។

៣​ – Irfan Bachdim

superstar3

ខ្សែ​ប្រយុទ្ធ​ឥណ្ឌូណេស៊ី​កាត់​ហុល្លង់​ Irfan Bachdim បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ AFF Suzuki Cup ឆ្នាំ​២០១៦​ ប៉ុន្តែ​ចាញ់​ថៃ​ដោយ​ទទួល​បាន​ត្រឹម​ជើង​ឯក​រង។ តារា​រូប​នេះ​ធ្លាប់​មាន​មហិច្ឆតា​ទៅ​តេស្ត​នៅ​ក្លឹប​ Ventforet Kofu ​របស់​ជប៉ុន​កាល​ពី​២០១៤ តែ​មិន​ជោគជ័យ។ រូប​គេ​បាន​​​សម្រេច​ចូល​រួម​ជា​មួយ​ក្លឹប​លីគ​ទី​២​របស់​ជប៉ុន​ Consadole Sapporo ឆ្នាំ​២០១៥ ប៉ុន្តែ​បង្ហាញ​ខ្លួន​បាន​តែ​៥​ប្រកួត​ប៉ុណ្ណោះ​ដោយ​សារ​របួស។​ ​ក្នុង​វ័យ​២៨​ឆ្នាំ​ រូប​គេ​នៅ​តែ​ជា​មុខ​សញ្ញា​របស់​ក្លឹប​ថៃ​ ប្រសិន​រូប​គេ​​ជា​ពី​របួស​មែន​ទែន។

4- Billy Ketkeophomphone

superstar4

​Billy ​មាន​ដើម​កំណើត​នៅ​បារាំង​ប៉ុន្តែ​សញ្ជាតិ​ឡាវ។ កីឡាករ​រូប​នេះ​បច្ចុប្បន្ន​លេង​នៅ​ក្លឹប Angers ​ក្នុង​លីគ Ligue1 ​របស់​បារាំង​ផ្ទាល់។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចាប់​អាជីព​ដំបូង​ជាមួយ​ក្រុម​យុវជន​ Strasbourg ​ហើយ​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ធំ​នៅ​ឆ្នាំ​២០០៩។ ​ក្រោយ​ៗ​មក​ទៀត ដោយសារ​តែ​គេ​ឃើញ​មាន​ទម្រង់​លេង​ល្អ ទើប Billy ​ចេះ​តែ​មាន​ឱកាស​បាន​ចូល​លេង​នៅ​ក្លឹប​ក្នុង​លីគ​កំពូល​បារាំង Angers ​តែ​ម្ដង។ ត្រឹម​វ័យ​២៥​ឆ្នាំ​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឡាវ​នេះ ​ចង់​លេង​នៅ​អឺរ៉ុប​បន្ត​ទៀត​សិន ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត​ក៏​ចង់​មក​លេង​នៅ​តំបន់​អាស៊ី​នេះ​ដែរ។

5-Evan Dimas

superstar5

Evan ​ជា​កីឡាករ​លេចធ្លោ​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី។ ត្រឹម​វ័យ​២១​ឆ្នាំ​នេះ រូបគេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ក្លឹប​នានា ជា​ពិសេស​ក្លឹប​អ្នក​មាន​នៅ​ថៃ​តែ​ម្ដង។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឱ្យ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ ​ហើយ​ក៏​បាន​ចូល​លេង​នៅ Suzuki Cup ​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត រូបគេ​ក៏​បាន​ចូល​លេង​នៅ SEA Games 2015 ​ដោយ​គ្រា​នោះ​នរណា​ៗ​ក៏​សរសើរ​ពី​សមត្ថភាព​ Evan ​ដែរ។

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77