v9

ក្រសួងការពារជាតិ ត្រូវប្រកួតជាមួយក្រុមមកពីម៉ាឡេស៊ី ល្ងាចនេះ

7 months ago​ | ដោយ Bopha

ក្រុម​ជើង​ឯក​រង​លីកកំពូល​កម្ពុជា ឆ្នាំ​២០១៦ ក្រសួងការពារ​ជាតិ(ទ័ព) នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​មិត្ត​ភាពអន្តរ​ជាតិ ជាមួយក្រុម​ម្ចាស់​ជើង​ឯកលីក​ទី​២​របស់​​​ម៉ាឡេស៊ី នៅ​ពហុកីឡ​ដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង​៦:៤០ ថ្ងៃ​​ព្រហស្បតិ៍​នេះ ខណៈ​ភាគី​ទាំង​២ ​បាន​លើក​ឡើង​ស្រដៀង​គ្នា​​​ថា ការ​ប្រកួតនេះ នឹង​មាន​មាន​ការ​ជក់​ចិត្តខ្លាំ ហើយ​​ទស្សនិក​ជន អាច​ចូល​មើល​បាន​ដោយ​សេរី គ្មាន​ការ​លក់​សំបុត្រ​អ្វី​ឡើយ។

mm1

ក្នុង​សន្និសីទកាសែត នៅ​ផាកកាហ្វេ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិល​មិញ លោក ខូវ ឆាយ ប្រធានចាត់​ការទូទៅ​ក្លិប​ក្រសួងការពារ​ជាតិ បាន​ថ្លែង​ថា៖​«វា​ជា​រឿង​ដ៏​ល្អ​មួយ ដែល​​ក្រុម Melaka United ​បាន​ចាប់​អារម្ម​ណ៍​​ប្រកួត​មិត្ត​ភាព​ជាមួយក្រុម​​​ក្រសួងការពារជាតិ។ យើងបាន​ប្រកួត​មិត្តភាព​ជាមួយក្រុមមក​ពីម៉ាឡេស៊ី UITM ដោយ​យើង​ឈ្នះ​ ៣-១ កាលពីសប្តាហ៍មុន ប៉ុន្តែ​យើង​ឃើញ​ថា Melaka United នេះ​ទើប​តែ​ទទួល​បានលេខ​១​លីក​ទី​២​របស់​ម៉ាឡេស៊ី និងត្រូវ​ដាក់ឲ្យ​​លេង​លីក​កំពូល​ ក្នុង​ឆ្នាំ​នេះ ហេតុនេះ​ខ្ញុំ​គិតថា ការ​ប្រកួត​នេះ នឹង​មានការ​ជក់ចិត្ត​ខ្លាំង សម្រាប់​អ្នក​ទស្សនា អ៊ីចឹង​សូម​បង​ប្អូន​អញ្ជើញ​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា ​ដោយ​សេរី»។

ជាមួយ​ការ​ប្រកួត​មិត្ត​អន្តរជាតិ​នេះ លោក ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រសួង​ការពារជាតិ បាន​និយាយ​ថា៖​«នេះ​ជា​ឆ្នាំដំបូង ដែល​ក្រុម​របស់​យើងមាន​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ក្រោមការ​រៀបចំ​របស់​​​លោក ខូវ ឆាយ ដែល​ខ្ញុំ​ចាត់​ទុក​ថា ​នេះ​វា​ជា​មោទន​ភាពមួយ​​របស់​ក្លិប និង​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​របស់​យើង​បាន​លេង ដើម្បី​ដកស្រង់​បច្ចេក​ទេស យក​បទ​ពិសោធ​ថ្មីៗ មក​ពង្រឹង​ក្លិប​បន្ថែម​ទៀត»។

mm2

ចំណែក​លោក Eric Willaim គ្រូ​បង្វឹក​ក្រុម Melaka United ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ជាមួយ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ​ដែរ ខណៈ​​ការ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នេះ ​ក្រុម​របស់លោក​មាន​ការ​ប្រកួត​មិត្ត​ភាព​រហូតដល់​៤​​ប្រកួត ជាមួយក្រុមលេង​នៅ​លីក​កំពូល​កម្ពុជា ក្នុង​នោះ​មាន​ក្រុម​​ក្រសួង​ការពារជាតិ ក្រុម​ប៉ូលិស ក្រុមណាហ្គាវើល និងក្រុម​ខេមបូឌានថាយហ្គឺរ ផងដែរ។

លោក Eric Willaim បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នោះ​ថា៖​«​​​ការ​ជួប​ក្រុម​ក្រសួងការពារជាតិ ជា​ការ​ប្រកួត​លើកទី​១​របស់​យើង ព្រោះ​យើង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ចំនួន​៣​ទៀត ហើយ​ការ​​សម្រេច​មក​ប្រកួត​មិត្ត​ភាព​ជាមួយ​​ក្រុម​លីក​កំពូល​​នៅ​កម្ពុជានេះ ដោយ​សារ​​យើង​​​មើល​ឃើញ​​ថា កម្ពុជា​មាន​កីឡាករ​ក្មេងៗ​ល្អច្រើន ហើយ​បាល់​ទាត់កម្ពុជា ក៏​មាន​ការ​រីក​ចម្រើន​ផងដែរ ហេតុនេះ​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​ការ​ប្រកួតនេះ កូន​ក្រុម​របស់​ខ្ញុំ នឹង​ទទួលបាន​បទ​ពិសោធ​ និងបច្ចេក​ទេសល្អៗ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ក្រុម​របស់​យើង ឲ្យ​បាន​ល្អ​ត្រៀមការ​ប្រកួត​លីក​កំពូល​នៅ​ម៉ាឡេស៊ី ក្នុងឆ្នាំ​២០១៧​នេះ»។

mm3

ជាមួយ​​ការ​ប្រកួត ដែល​មាន​ទិស​ដៅ​ដក​ស្រង់​បច្ចេក​ទេស​ពី​គ្នា​នេះ ក្រុម​​ទាំង​២ បាន​ឯក​ភាព​គ្នា ក្នុងសន្និសីទ​កាសែត កាលពី​​ម្សិល​មិញ​ថា ​​អាច​ផ្លាស់​ប្តូរកីឡាករ​មាន​៦នាក់។ ជាមួយ​គ្នា​នេះ ​លោក ទេព ឡុងរចនា បាន​បញ្ជាក់​ថា យើងត្រូវ​ផ្លាស់ប្តូរកីឡាករ​ឲ្យ​បាន​លេង​ទាំង​អស់​គ្នា ព្រោះ​នេះជា​ការ​ប្រកួត​ដកស្រង់បច្ចេក​ទេស​ដ៏​សំខាន់ ដើម្បី​ពង្រឹង​សមត្ថ​ភាព ត្រៀម​ការ​ប្រកួត​ក្របខ័ណ្ឌ​លីក​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៧​នេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77