v9

Giroud ជួយឲ្យ Arsenal លើកមុខមាត់ឡើងវិញ ខណៈ Swansea ផ្តួល Crystal (មានវីដេអូ)

3 months ago​ | ដោយ Dara

ក្រុម Arsenal បានបំពេញការវាយបកដ៏មិននឹកស្មានដល់មួយ ក្រោយការដេញតាមពីក្រោយ៣គ្រាប់ ដែលគ្រាប់បាល់តាមស្មើនៅជិតនាទីបញ្ចប់ការប្រកួតរបស់ខ្សែប្រយុទ្ធ Olivier Giroud បានជួយឲ្យក្រុមរបស់ខ្លួន ដណ្តើមបានលទ្ធផលស្មើ នៅលើទឹកដីក្រុម Bournemouth។ ស្របពេលនេះដែល ក្រុម Swansea បានស្វាគមន៍គ្រូបង្វឹកថ្មីគឺលោក Paul Clement ជាមួយនឹងជ័យជម្នះ ២-១ នៅលើទឹកដក្រុម Crystal Palace កាលពីថ្ងៃអង្គារ។

arsenal

ក្រុមរបស់លោក Arsene Wenger ហាក់បានប្រឈមមុខនឹងការរងបរាជ័យជាលើកទី១របស់ពួកគេ និងការរងនូវការខកចិត្តដ៏ធំមួយទៅលើការប្រជែងពាន Premier League ក្រោមស្នាដៃក្រុម Bournemouth ទៅហើយ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Charlie Daniels, Callum Wilson និង Ryan Fraser បានផ្តល់ការភ្ញាក់ផ្អើលដ៏ធំសម្រាប់ក្រុម Arsenal។ ប៉ុន្តែ ក្រុម Arsenal បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ក្នុងរយៈពេល២០នាទីចុងក្រោយ ខណៈដែល Alexis Sanchez និង Lucas Perez សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី នៅមុនពេលប្រធានក្រុម Simon Francis របស់ក្រុម Bournemouth បានរងការពិន័យកាតក្រហមបណ្តេញចេញ ដែលនាំឲ្យ Giroud រកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតតែម្តង។

swansea

ការបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ របស់ក្រុម Arsenal បានធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ដោយមាន៨ពិន្ទុតាមពីក្រោយក្រុម Chelsea ដែលនឹងត្រូវលេងការប្រកួតរបស់ពួកគេនៅលើទឹកដីក្រុម Tottenham នៅរាត្រីថ្ងៃពុធនេះ។ លោក Wenger បានឲ្យដឹងថា៖ «យើងបានបដិសេធក្នុងការចាញ់ការប្រកួតនេះ។ វាជាការសាកល្បងទៅលើស្មារតី។ វាមាននូវភាពរឹងមាំក្នុងក្រុមនេះ ហើយយើងបានឃើញភាពក្លៀវក្លានោះនៅថ្ងៃនេះ។ វាមិនមែនជាលទ្ធផលដែលយើងចង់បាននៅមុនពេលការប្រកួតឡើយ ប៉ុន្តែ ក្នុងពេលដេញតាមពីក្រោយ ៣-០ ទៅហើយ យើងបានតាមស្មើ ៣-៣ វិញ»៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77