v9

លោក Conte៖ Spurs គឺជាឧបស័គ្គដ៏ធំមួយរបស់ Chelsea ក្នុងការតាមស្មើកំណត់ត្រារបស់ Arsenal

7 months ago​ | ដោយ Dara

លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានឲ្យដឹងកាលពីថ្ងៃអង្គារថា Spurs នឹងក្លាយជាឧបស័គ្គដ៏ធំមួយក្នុងការឆ្លងឲ្យផុត ប្រសិនបើក្រុមតោខៀវរបស់លោក ចង់តាមស្មើកំណត់ត្រានៃការទទួលជ័យជម្នះ១៤លើកជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League របស់ក្រុម Arsenal។

3617

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៤៧ឆ្នាំរូបនេះ ដែលបានចូលកាន់តំណែង ក្រោយពីលោកបានដឹកនាំឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ឲ្យឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ វគ្គ៨ក្រុមចុងក្រោយនោះ បានដឹកនាំឲ្យក្រុម Chelsea ទទួលបានជ័យជម្នះ១៣លើកជាប់ៗគ្នា និងនាំមុខ៥ពិន្ទុពីលើក្រុម Liverpool នៅលើកំពូលតារាង។ ការដណ្តើមបានជ័យជម្នះលើក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ Spurs នៅរាត្រីថ្ងៃពុធនេះ នឹងធ្វើឲ្យពួកគេតាមស្មើកំណត់ត្រារបស់ក្រុម Arsenal ដែលត្រូវបានបង្កើតឡើងក្នុងរដូវកាល២ តាមរយៈការដណ្តើមបានជ័យជម្នះរាល់ការប្រកួតទាំង១៣លើកចុងក្រោយនៃរដូវកាលឆ្នាំ២០០១-២០០២ និងការប្រកួតបើកឆាកនៅរដូវកាលបន្ទាប់។

Tottenham-vs-Chelsea

ទាក់ទងនឹងការដណ្តើមបានជ័យជម្នះចំនួន១៣លើកជាប់ៗគ្នាក្នុងរដូវកាលតែមួយ លោក Conte បានឲ្យដឹងថា៖ «វាជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់យើង។ ការដណ្តើមបានជ័យជម្នះ១៣លើកជាប់ៗគ្នា មិនមែនជារឿងងាយស្រួលឡើយ។ យើងពិតជារីករាយចំពោះលទ្ធផលនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ក្នុងការប្រកួតនៅថ្ងៃពុធនេះ យើងដឹងថា យើងមានការប្រកួតដ៏តានតឹងមួយជាមួយនឹងក្រុម Tottenham។ ពួកគេជាក្រុមដ៏ខ្លាំងមួយ។ សម្រាប់រដូវកាលនេះ យើងចាំបាច់ត្រូវតែបន្តធ្វើឲ្យបា»។ លោក Conte ដែលបានបង្កើតកេរិ៍្តឈ្មោះរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅនៅឯក្លិប Juventus នោះ បានទទួលស្គាល់ថា បើធៀបទៅនឹងការជួបគ្នារបស់ពួកគេកាលពីដើមរដូវកាលនេះ ក្រុម Spurs គឺជាគូប្រជែងដ៏ខ្លាំងក្លា។ ក្រុម Spurs ក៏កំពុងស្ថិតក្នុងទម្រង់លេងយ៉ាងល្អផងដែរ ក្រោយពីពួកគេដណ្តើមបានជ័យជម្នះ៤លើកជាប់ៗគ្នា ពីការប្រកួត៥លើក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

27.11.16 Chelsea 2-1 Tottenham
03.05.16 Chelsea 2-2 Tottenham
29.11.15 Tottenham 0-0 Chelsea

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77