v9

ឡៅ ចន្ទ្រា បារម្ភចំពោះការឆ្មក់ឱកាសរបស់ ផល សោភ័ណ្ឌ មុនពេលឈ្នះខ្សែក្រវាត់

5 months ago​ | ដោយ Neymar

អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យ​ក្មេង ឡៅ ចន្ទ្រា បាន​សារភាព​ថា រូប​គេ​ពិត​ជា​មាន​អារម្មណ៍ ចំពោះ​ការ​ព្យាយាម​វាយ​លុក​បែប​ឆ្មក់ឱកាស​របស់ ផល សោភ័ណ្ឌ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​គូបូតា ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន​បាយ័ន​បឹងស្នោ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ។

bb1

ឡៅ ចន្ទ្រា បាន​ប្រាប់ក្រោយ​ការ​ប្រកួត​ថា៖​«ខ្ញុំ​មាន​អារម្មណ៍ សម្រាប់​ការ​ប្រកួត​នៅ​ទឹក​ទី​៥ គឺ​បន្ទាប់​ពី​គាត់(ផល សោភ័ណ្ឌ) បាន​ទាត់​ចំប្រដាប់ការពារ(ពងស្វាស)​របស់​ខ្ញុំ​មួយ​ជើង​ពេញ ធ្វើ​ឲ្យ​​ខ្ញុំ​ស្រុក​កម្លាំងចុះ​យ៉ាង​ខ្លាំង​នោះ»។

នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​មាន​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​ច្រើន​បំផុត​នោះ ឡៅ ចន្ទ្រា ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ប្រៀប​លើ ផល សោភ័ណ្ឌ ច្រើន នៅ​ក្នុង​ទឹក​ទី​៣ និងទឹក​ទី​៤ តាម​រយៈ​ការ​ម៉ាត់ ទាត់ និង​បុក​ជង្គង់​បាន​ល្អ​ជាង ខណៈ​ទឹក​ទី​១ និង​ទឹក​ទី​២ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។

bb2

យ៉ាង​ណា​ក៏​ដោយ នៅ​ទឹក​ទី​៣ សោភ័ណ្ឌ ​បាន​ទាត់​ចំ​ប្រដាប់​ការ​ពារ ឡៅ ចន្ទ្រា ពេញមួយ​ទំហឹង នាំ​ឲ្យ ចន្ទ្រា ​ដេកឈឺចុក​រមួល​យ៉ាង​ខ្លាំង និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​ជួយ​សម្រួល​ជាង​២​នាទី ទើប​ប្រកួត​វិញ​បាន ហើយ​ក្នុងរយៈ​ពេល​ជិត២នាទី​ចុង​ក្រោយ​នោះ ផល សោភ័ណ្ឌ បាន​តាម​ម៉ាត់ និង​វាយ​កែង​ទៅ​លើ ចន្ទ្រា យ៉ាង​ខ្លាំង ក្នុង​បំណង​វាយ ចន្ទ្រា ឲ្យ​សន្លប់តែ​ម្តង ប៉ុន្តែ ចន្ទ្រា បាន​ខំ​វាយ​រំដោះ​ខ្លួន​រហូត​ចប់​ទឹក និង​ត្រូវ​បាន​ប្រកាសឲ្យ​ឈ្នះពិន្ទុ ផល សោភ័ណ្ឌ ដាច់​តែ​ម្តង។

bb3

ឡៅ ចន្ទ្រា បាន​ចាត់​ទុក​សកម្ម​ភាព​វាយ​ឆ្មក់​របស់ ផល សោភ័ណ្ឌ នៅ​ទឹក​ទី​៥​នោះ ជា​រឿង​មិន​ល្អ ដោយ​គេ​បាន​និយាយ​ថា៖​«គាត់​ដូច​ជា​ខូច​ដែរ គឺ​វាយ​សម្រុក​ខ្ញុំ​ខ្លាំង​បំផុត នៅ​ពេល​ខ្ញុំ​អស់កម្លាំង​ដោយ​សារ​គាត់​បាន​ទាត់ចំ​ពង​របស់​ខ្ញុំ​នោះ។ ក្នុង​ស្ថាន​ភាព​នោះ ខ្ញុំ​មាន​អារម្មណ៍ភ័យ​មែន ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹង​ពង្រឹង​ស្មារតី​ខ្លួន​ឯង ដើម្បី​វាយ​ទប់​គាត់ រហូត​ទទួល​បាន​ជោគ​ជ័យ»។

bb4

ទោះ​យ៉ាង​ណា ឡៅ ចន្ទ្រា បាន​បញ្ជាក់​ថា៖«​​ការ​ឈ្នះ​ខ្សែ​ក្រវាត់​លើក​នេះ វា​រំភើប​ជាង​ការ​ឈ្នះខ្សែ​ក្រវាត់​ចំនួន​២​ផ្សេង​ទៀត ព្រោះ​ការ​ឈ្នះ​ខ្សែ​ក្រវាត់​លើក​ទី​១ និង​លើក​ទី​២ ហាក់​មិនសូវ​មាន​ភាព​តាន​តឹង​ប៉ុន្មាន​ឡើយ ប៉ុន្តែ​លើក​នេះ គឺ​មាន​ការ​ប្រកួត​ស្វិត​ស្វាញ​ខ្លាំង ពិសេស​ខ្ញុំ​បាន​ឈ្នះ​ជើង​ខ្លាំង​ដូច ផល សោភ័ណ្ឌ ព្រោះ​នេះ​ជា​បទ​ពិសោធ​យ៉ាង​ល្អ​សម្រាប់​​ការ​ប្រកួត​លើក​ក្រោយៗទៀត​របស់​ខ្ញុំ»។

bb5

សម្រាប់​ការ​ឈ្នះ​ខ្សែ​ក្រវាត់​លើក​នេះ ឡៅ ចន្ទ្រា បាន​​ទទួល​ប្រាក់​រង្វាន់​ចំនួន​៥០០០​ដុល្លារ គឺ​ស្មើ​គ្នា​ទៅនឹង​ការ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន PNN កាល​ពីប៉ុន្មាន​ខែមុន​ដែរ ប៉ុន្តែ​ប្រាក់រង្វាន់នេះ​ច្រើន​ជាង​ប្រាក់​រង្វាន់ ដែល ឡៅ ចន្ទ្រា បាន​ឈ្នះ​ខ្សែ​ក្រវាត់ លើក​ដំបូង នៅ​សង្វៀនស៊ីធីអិន។ ចំណែក ផល សោភ័ណ្ឌ ទទួលបាន​៣០០០​ដុល្លារ ហើយ សោភ័ណ្ឌ បាន​សម្តែងការ​ពេញ​ចិត្ត​ចំពោះ​ការចាញ់ ឡៅ ចន្ទ្រា លើក​ទី​៣​នេះ ខណៈ​ការ​ចាញ់​លើក​ទី​២ កន្លង​មក ភាគី​មាន​ការ​ខក​ចិត្ត​ខ្លាំង និងមាន​ការ​ប្តឹង​ផ្តល់​គ្នាផង​ដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77