v9

អ៊ុង វិរៈ ខំប្រឹងទាំងខ្សោះកម្លាំង ដើម្បីឈ្នះខ្សែក្រវាត់ទម្ងន់យក្ស

3 months ago​ | ដោយ Bopha

នៅ​ទី​បំផុត ជើង​ខ្លាំង អ៊ុង វិរៈ បានក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គោជល់ទម្ងន់​យក្ស​(៧៥គីឡូក្រាម) ប្រចាំ​នៅ​សង្វៀន PNN ដូច​ការ​ប្តេជ្ញា​ចិត្ត បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ Kamlai Phet ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃសៅរ៍ ប៉ុន្តែ អ៊ុង វិរៈ បានសារភាព​ថា ​ការ​យក​ឈ្នះ Kamlai Phet លើក​នេះ​មាន​ភាព​តាន​តឹង និង​លំបាក​ជាងការ​ជួប​គ្នា ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​កន្លង​មក។

k1

អ៊ុង វិរៈ បាន​ប្រាប់​ថា៖​«ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ វា​មាន​ការ​លំបាក​ជាង​មុខ ហើយ​ការលំបាក​នេះ មិន​មែន​មក​ពី Kamlai Phet មាន​ស្នៀត​ល្អ​ជាង​មុននោះទេ គឺ​ស្នៀត​របស់​គេ​នៅ​តែ​ដដែល ប៉ុន្តែ​គេ​ហ៊ាន​វាយ​លុក​ជាមួយ​ខ្ញុំ ព្រោះ​គេ​ក៏​ចង់​បាន​ខ្សែ​ក្រវាត់​នេះដែរ គឺ​ខុស​ពី​លើក​មុន ដែល​គេ​ហាក់​ខ្លាច​ខ្ញុំ មិន​សូវ​ហ៊ាន​ចូល​ប្តូរ​ជាមួយខ្ញុំ ហើយ​បញ្ហា​សំខាន់​មួយ​ទៀត គឺ​ខ្ញុំ​មាន​កម្លាំង​មិន​សូវ​ពេញ​លេញ​ដូច​មុន​ឡើយ»។

k2

នៅ​ត្រង់​ចំណុច​នេះ អ៊ុង វិរៈ បាន​បញ្ជាក់​ថា៖​«ខ្ញុំ​បាន​ឡើង​ទម្ងន់​ជិត​៨០​គីឡូ ហេតុនេះ​មុន​ការ​ប្រកួតនេះ ខ្ញុំ​ខំ​សម្រក​ទម្ងន់​ខ្លាំង​បំផុត។ ​នៅ​ថ្ងៃ​ថ្លឹង​ទម្ងន់(ថ្ងៃសុក្រ) មុន​ការប្រកួត​១​ថ្ងៃ គឺ​ខ្ញុំ​នៅ​លើស​ប្រហែល​១​ខាំ ហើយ​ខ្ញុំខំ​រត់​តាំង​ពី​ម៉ោង​៦ព្រឹកដល់​ម៉ោង​៩ ទើប​ធ្លាក់​មក​សល់ត្រឹម​៧៥​គីឡូក្រាម​តាមការ​កំណត់​របស់​គេ។ ការ​ខំ​ប្រឹង​សម្រក​ទម្ងន់​នេះ​ហើយ ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​មិន​សូវ​ពេញ​លេញ ចំពោះការ​ប្រកួត​លើកនេះ»។

k3

គេនៅ​ចាំ​បាន​ថា សម្រាប់​ការ​ជួប​គ្នា ក្នុង​វគ្គជម្រុះ​វិល​ជុំ អ៊ុង វិរៈ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Kamlai Phet មិន​សូវ​លំបាកនោះ​ទេ ខណៈ​ថៃ​ម្នាក់​នេះ បានព្យាយាម​ថយ​ច្រើន ព្រោះខ្លាំង​កណ្តាប់​ថៃ និងការ​វាយ​កែង​របស់ អ៊ុង វិរៈ នោះ ប៉ុន្តែ​ការ​ជួប​គ្នា​លើ​នេះ អ្នក​គាំ​ទ្រ​ភាគ​ច្រើន បាន​បង្ហាញការ​ព្រួយបារម្ភ​ផង​ដែរ ខណៈ​ការ​ប្រកួត​២​ទឹក​ដំបូង វិរៈ ធ្វើ​អ្វី Kamlai Phet មិន​កើត និង​ថែម​ទាំង​ត្រូវ​បាន​ថៃ​ម្នាក់​នេះ​ទាត់​ចូល​កញ្ចឹង​ក​ពេញៗ​នោះ។

k4

ទោះ​បីជា​យ៉ាង​ណា ចាប់​ពី​ទឹក​ទី៣ ដល់​ទឹក​ទី​៥ អ៊ុង វិរៈ បាន​ដណ្តើម​យក​ប្រៀប​ដាច់​តាម​រយៈ​ការ​តាម​ម៉ាត់ ទាត់ បុក​ជង្គង់ ពិសេស​ការ​រូស​កែង​របស់​គេ ខណៈ​ស្នៀត​រូស​កែង​នេះ អ៊ុង វិរៈ បាន​ប្រាប់ថា៖​«​ខ្ញុំ​បាន​ហាត់ត្រៀម​ក្បាច់វាយកែង និង​រូស​កែងនេះ​យូរ​មក​ហើយ ព្រោះ​ខ្ញុំ​ដឹងថា ថៃ​ម្នាក់នេះ ចេះ​តែ​ប្រើ​ជង្គង់ តែ​មិន​សូវចេះ​ប្រើកែង​ប៉ុន្មាន​ឡើយ»។

k5

សិស្ស​គណ​ក្លិប​កង​ពលតូច​ឆត្រយោង​៩១១ អ៊ុង វិរៈ បាន​បញ្ជាក់​ថា៖​«ការ​ឈ្នះខ្សែ​ក្រវាត់​លើក​ទី​២​នេះ វា​មានអត្តន័យ​ធំ​ណាស់​ចំពោះ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ខំប្រឹង​តាំងពី​ដើម​មក ដើម្បី​សម្រេចបំណងនៃការ​ឈ្នះ​ខ្សែ​ក្រវាត់មួយនេះ ហើយពេល​នេះ​ខ្ញុំ​ពិត​ជា​អាច​ធ្វើ​បាន​សម្រេចមែន។ ជាង​នេះ​ទៀត​ ខ្ញុំ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​ជា​ច្រើន ស្រប​ពេលខ្ញុំ​កំពុង​មាន​ការ​ខ្វះ​ខាត គឺ​ខ្ញុំ​កំពុង​ត្រូវ​ការប្រាក់​យកមក​ព្យាបាលម្តាយ​របស់ខ្ញុំ ដែល​គាត់ឈឺ​យូរ​មក​ហើយ ខណៈ​ពេល​នេះ​គាត់​សម្រាកនៅ​លើ​គ្រែ​នៅ​ឡើយ​ទេ»។

k6

គួរបញ្ជាក់​ថា ការ​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​៧៥គីឡូក្រាមនេះ បាន​ជួយ​ឲ្យ អ៊ុង វិរៈ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​២០លាន​រៀល រីឯ Kamlai Phet ដែល​ទទួលបាន​ចំណាត់​ថ្នាក់លេខ​២ បាន​ប្រាក់​រង្វាន់​១០លាន​រៀល៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77