v9

ឡៅ ស៊ីណាត៖ ខ្ញុំជឿថា ឡៅ ចន្ទ្រា នឹងបន្តឈ្នះ ផល សោភ័ណ្ឌ ដើម្បីគ្រងខ្សែក្រវាត់

3 months ago​ | ដោយ Bopha

អតីតកីឡាករជើងខ្លាំង ឡៅ ស៊ីណាត ដែលជាបងប្រុសបង្កើតរបស់ជើងខ្លាំង ឡៅ ចន្ទ្រា នៅតែមានទំនុកខ្ពស់លើ ឡៅ ចន្ទ្រា ក្នុងការបន្តយកឈ្នះលើជើងខ្លាំង ផល សោភ័ណ្ឌ ខណៈអ្នកទាំង២ ត្រូវវិលមកជួបគ្នាជាថ្មី ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់គូបូតា ទម្ងន់៦៣,៥គីឡូក្រាម នៅលើសង្វៀនបាយ័នបឹងស្នោ នារសៀលថ្ងៃអាទិត្យ ខាងមុខនេះ។

ft-img-template

ឡៅ ស៊ីណាត ដែលបានវិឌ្ឍន៍ខ្លួនទៅជាចៅក្រម ក្រោយប្រកួតលែងកើត ដោយសារការបាក់ស្មងជើង ពេលប្រកួតនៅសង្វៀនបាយ័ន កាលពីឆ្នាំ២០១៥នោះ បានប្រាប់ថា៖«តាមពិតខ្ញុំមើលឃើញថា អ្នកទាំង២នេះ មានសមត្ថភាព និងក្បាច់សម្លាប់ប្រហាក់ប្រហែលគ្នា។ ផល សោភ័ណ្ឌ ចេញបានលឿន និងមានទម្ងន់ធ្ងន់ ប៉ុន្តែខាងយើង(ឡៅ ចន្ទ្រា) នៅតែអាចវាយចេញបានលឿនជាង ជារួមខ្ញុំនៅតែមានការជឿជាក់ថា ឡៅ ចន្ទ្រា នឹងបន្តឈ្នះ ផល សោភ័ណ្ឌ ដើម្បីយកខ្សែក្រវាត់មួយនេះ»។

គួររំឭកថា មុនពេលមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ ផល សោភ័ណ្ឌ ធ្លាប់បានចាញ់ ឡៅ ចន្រ្ទា ចំនួន២លើកហើយ។ ការជួបគ្នាក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់នេះ ឡៅ ចន្ទ្រា បានវាយកែងបណ្តាលឲ្យ ផល សោភ័ណ្ឌ សន្លប់ក្នុងទឹកទី៣ ហើយការជួបគ្នាលើកទី២ ក្នុងការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ សោភ័ណ្ឌ បានចាញ់ពិន្ទុ ចន្ទ្រា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យ៉ាងណាក៏ដោយ ការសម្រេចឲ្យចាញ់ពិន្ទុ ឡៅ ចន្ទ្រា ក្នុងការប្រកួតលើកទី២នេះ គឺភាគី ផល សោភ័ណ្ឌ មិនពេញចិត្តនោះទេ ហើយថែមទាំងមានការប្តឹងផ្តល់ផង។ ចំណែក ការវិលមកជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ផល សោភ័ណ្ឌ បានទទូចសុំឲ្យការកាត់សេចក្តី មានភាពសុក្រឹត និងយុត្តិធម៌។

ផល សោភ័ណ្ឌ បានប្រាប់ថា៖«ខ្ញុំសុំឲ្យការប្រកួតលើកនេះមានភាពសុក្រឹត និងយុត្តិធម៌ ព្រោះការជួបគ្នាលើកទី២ ខ្ញុំមើលឃើញថា ខ្ញុំឈ្នះ តែគេឲ្យខ្ញុំចាញ់ ហេតុនេះការជួបគ្នាលើកទី៣នេះ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យការប្រកួតនេះ គឺបើខ្ញុំចាញ់ឬឈ្នះ បានអស់ចិត្តទាំងអស់គ្នា»។

នៅពេលសួរបន្ថែមថា តើមានដឹងចំណុចខ្សោយ ឡៅ ចន្ទ្រា ឬនៅនោះ? ផល សោភ័ណ្ឌ បានឆ្លើយតបថា៖«រឿងនេះ ខ្ញុំសុំលាក់សិន ព្រោះការប្រកួតគ្នា យើងស្មានមិនត្រូវទាំងអស់នោះទេ ព្រោះយើងក៏អាចប្រែប្រួល ហើយគេក៏អាចប្រែប្រួលតាមស្ថានភាពប្រកួតដូចយើងដែរ ហេតុនេះមានតែដល់ពេលប្រកួតតែម្តងទើបដឹងច្បាស់ តែខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ព្រោះនេះជាការប្រកួតដ៏សំខាន់បំផុត»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77