v9

ពាក្យទំនៀម ទុក​​មួយ​ស្នៀត​​ការពារ​​ខ្លួន របស់ខ្មែរយើង តើល្អឬទេ?

7 months ago​ | ដោយ Phearak Chuon

(យល់ដឹង)៖ ទុកមួយស្នៀតការពារខ្លួន ជាពាក្យទំនៀមមួយ ដែលស្ថិតនៅក្នុងសន្តានចិត្តខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ពាក្យទំនៀមនេះ បង្ហាត់មនុស្សឲ្យចេះលាក់តម្រិះពោលគឺមិនបង្រៀនអ្នកដទៃឲ្យអស់ពីក្នុងខ្លួននោះទេ។ មានដំណាលមកថា កាលពីបូរាណកាលដ៏យូរលង់ណាស់មកហើយ ឆ្មា គឺជាគ្រូរបស់ខ្លា។ ឆ្មា បានបង្រៀនខ្លាឲ្យចេះគ្រប់វិជ្ជា។ ថ្ងៃមួយខ្លាបែរជាមានបំណងចង់សម្លាប់ឆ្មាចោល ប៉ុន្តែបំណងនេះមិនបានសម្រេចដោយសារឆ្មារត់ឡើងលើដើមឈើបាត់ ហើយខ្លាមិនចេះឡើងដើមឈើដូចឆ្មា។ស្នៀតឡើងដើមឈើនេះជាស្នៀតមួយដែលឆ្មាលាក់ទុកការពារខ្លួន។ ឆ្មាមិនបានបង្ហាត់ខ្លាអំពីអាថ៌កំបាំងដែលធ្វើឲ្យឆ្មាឡើងដើមឈើបានទេ។ អាថ៌កំបាំងនោះគឺ ជុះអាចម៍កាយកប់ (ឆ្មាតែងតែធ្វើដូច្នេះជាប្រចាំ)។

a10

មានរឿងមួយទៀតដែរដែលគេតែងនិយាយតៗគ្នាអំពីពាក្យទំនៀមទុកមួយស្នៀតការពារខ្លួននេះ។ រឿងនោះគឺទាក់ទងនឹង គ្រូបង្ហាត់វិជ្ជាគុនដល់សិស្ស។ ពេលសិស្សរៀនចប់វិជ្ជាគុនពីគ្រូរួចរាល់ហើយ តែងដើរស្វែងរកគូប្រកួត។ សិស្សតែងឈ្នះគ្រប់ការប្រកួតទាំងអស់។ លុះយូរៗទៅអស់មានគូប្រកួតណាហ៊ានប្រកួតជាមួយទៀត។ ចុងក្រោយសិស្សសម្រេចចិត្តសុំប្រកួតជាមួយគ្រូឯង។ ការប្រកួតនេះសិស្សជាអ្នកឈ្នះ ចំណែកឯគ្រូក៏បាត់បង់ជីវិតក្នុងដៃសិស្ស។ ដោយសារតែហេតុនេះហើយទើបក្រោយៗមកទៀត គ្រូគុនផ្សេងៗតែងតែទុកមួយស្នៀតការពារខ្លួន។រឿងទាំងពីរខាងលើស្តាប់ទៅដូចជាសមហេតុផលណាស់ ថាការលាក់តម្រិះគឺជារឿងដ៏ត្រឹមត្រូវ។ ប៉ុន្តែ ទុកមួយស្នៀតការពារខ្លួនពុំមែនសុទ្ធតែផ្តល់ផលល្អនោះទេ។ សូមពិចារណារឿងខាងក្រោម៖

bokator

មានរឿងមួយដំណាលតៗគ្នាអំពីក្បាច់គុនទ្វាប្រាំបីរបស់ខ្មែរ។ ក្បាច់គុននេះជាក្បាច់គុនកំពូល ហើយកម្រមានអ្នកចេះណាស់។ ចំណែកឯការបង្ហាត់សិស្សគុនក៏កម្រដែរ។ ដោយសារតែពាក្យទំនៀម ទុកមួយស្នៀតការពារខ្លួន គ្រូគុនតែងទុកមួយស្នៀតការពារខ្លួនជានិច្ច ពោលគឺ ក្បាច់គុនទ្វាប្រាំបី បង្ហាត់តែត្រឹមទ្វាប្រាំពីរ។ ពេលគ្រូធំស្លាប់ទៅ សិស្សគុនដែលចេះទ្វាប្រាំពីរ ក៏បង្ហាត់សិស្សបន្តទៀត ដោយទុកមួយស្នៀតការពារខ្លួន គឺបង្ហាត់ត្រឹមតែទ្វាប្រាំមួយ។ គ្រូទ្វាប្រាំមួយទទួលសិស្សបង្ហាត់ត្រឹមតែទ្វាប្រាំ។ គ្រូទ្វាប្រាំទទួលសិស្សបង្ហាត់ត្រឹមតែទ្វាបួន។ គ្រូទ្វាបួនបង្ហាត់សិស្សត្រឹមតែទ្វាបី។ គ្រូទ្វាបីបង្ហាត់សិស្សត្រឹមតែទ្វាពីរ។ គ្រូទ្វាពីរបង្ហាត់សិស្សត្រឹមតែទ្វាមួយ។ គ្រូទ្វាមួយលែងទទួលបង្ហាត់សិស្ស គឺទុកស្នៀតនេះគ្រាន់ការពារខ្លួន។ និយាយជាសរុប ក្បួនខ្នាត តម្រិះវិជ្ជា ។ល។ បានរលាយបាត់ទៅតាមគ្រូដើម ដោយសារ ទុកមួយស្នៀតការពារខ្លួន។

mm5-4

រឿងខាងលើទោះពិតខ្លះមិនពិតខ្លះ ក៏ជាគតិពិចារណាសម្រាប់កូនខ្មែគ្រប់រូប តើទុកមួយស្នៀតការពារខ្លួន ផ្តល់ផលចំណេញអ្វីខ្លះដល់សង្គមជាតិ។ តើគួរចែករំលែកចំណេះដឹង ឬលាក់ចំណេះដឹង?

ប្រភពពី Baykdang

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77