v9

Mkhitaryan រកគ្រាប់បាល់ជាលើកដំបូង ជួយឲ្យ Man United ទៅវគ្គបន្ត

4 months ago​ | ដោយ Dara

ខ្សែបម្រើ Henrikh Mkhitaryan បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុម Manchester United ជាលើកដំបូងរបស់គេ ដើម្បីជួយឲ្យក្រុមបិសាចក្រហមមួយនេះ ទទួលជ័យជម្នះ ២-០ លើក្រុម Zorya Luhansk ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ និងដើម្បីជួយឲ្យក្រុមរបស់លោក Jose Mourinho ឈានទៅប្រកួតវគ្គ៣២ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League។

mkhitaryan

Man United ត្រូវការត្រឹមតែស្មើប៉ុណ្ណោះដើម្បីឈានទៅវគ្គបន្តពីការប្រកួតពូល A ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៤៨របស់ខ្សែបម្រើ Mkhitaryan និងគ្រាប់បាល់ជិតបញ្ចប់ការប្រកួតពីខ្សែប្រយុទ្ធ Zlatan Ibrahimovic បានកាត់សេចក្តីក្នុងការប្រកួតនេះ និងបានធ្វើឲ្យក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ទៅវគ្គបន្តតាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុម Fenerbahce ដែលបានយកឈ្នះ ១-០ នៅលើទឹកដីក្រុម Feyenoord។

ការប្រកួតនេះ បានដំណើរការជាធម្មតា បើទោះបីមានកង្វល់ផ្សេងៗអំពីសភានៃដុំទឹកកកនៅលើទីលាននៃកីឡដ្ឋាន Chornomorets ក្នុងទីក្រុង Odessa ចម្ងាយប្រមាណជា១០០០គីឡូម៉ែត្រ ពីទីក្រុង Luhansk ដែលជាតំបន់ដាច់ដោចដោយសង្គ្រាម ភាគខាងកើតប្រទេសអ៊ុយក្រែន ក៏ដោយ។ ក្រោយពីបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងតង់ទី១ Man United បានរកគ្រាប់បាល់បើកឆាកក្រោយពីលេងបាន៣នាទីក្នុងតង់ទី២ ខណៈដែល Mkhitaryan បានរកគ្រាប់បាល់ទម្លុះខ្សែការពាររបស់ក្រុម Zorya យ៉ាងល្អ នៅមុនពេលមានគ្រាប់បាល់មួយគ្រាប់ទៀតពី Ibrahimovic។

Mkhitaryan ដែលធ្លាប់បានលេងក្នុងប្រទេសអ៊ុយក្រែ កាលពីមុនឲ្យក្លិប Shakhtar Donetsk បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ខ្ញុំបានរង់ចាំអស់រយៈពេលជាយូរមកហើយសម្រាប់គ្រាប់បាល់នេះ។ គ្រាប់បាល់បន្ទាប់របស់ខ្ញុំត្រូវតែកើតឡើងនៅកីឡដ្ឋាន Old Trafford ពីព្រោះខ្ញុំចង់រកគ្រាប់បាល់នៅលើទឹកដីខ្លួនឯង»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77