v9

Woodburn បង្កើតប្រវត្តិសាស្ត្រ ខណៈ Liverpool ទៅវគ្គ១/២ផ្តាច់ព្រ័ត្រនៃ League Cup (មានវីដេអូ Highlight)

10 months ago​ | ដោយ Dara

តារាឆ្នើម Ben Woodburn របស់ក្លិប Liverpool បានបង្កើតប្រវត្តិសាស្រ្ត ខណៈដែលខ្សែប្រយុទ្ធយុវជនរូបនេះបានក្លាយជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេបំផុតរបស់ក្លិបនេះ ក្នុងពេលពួកគេទទួលជ័យជម្នះ ២-០ លើក្រុម Leeds ក្នុងការប្រកួតពាន League Cup វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃអង្គារ។

Ben

ស្ថិតក្នុងវ័យ១៧ឆ្នាំ និង៤៥ថ្ងៃ Woodburn បានជួបពេលវេលាដ៏រីករាយក្នុងការចងចាំជារៀងរហូតនៅនាទី ទី៨១នាកីឡដ្ឋាន Anfield ដែលនៅពេលនោះរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅពីមុខអ្នកទស្សនាក្នុងតំបន់កៅអីអង្គុយ Kop End ដើម្បីបំបែកកំណត់ត្រាកាលពីមុនដែលត្រូវបានបង្កើតឡើងដោយ Michael Owen ដែលមានវ័យ១៧ឆ្នាំ និង១៤៣ថ្ងៃ នៅពេលរូបគេបានរកគ្រាប់បាល់បញ្ចូលទីនៅពេលប្រកួតជាមួយនឹងក្រុម Wimbledon កាលពីខែឧសភា ឆ្នាំ១៩៩៧។

Woodburn ទើបតែបានបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្រុមឈុតធំសម្រាប់ Liverpool កាលពីថ្ងៃសៅរ៍ ក្នុងនាមជាកីឡាករបម្រុងនៅជិតបញ្ចប់ការប្រកួត ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះលើក្រុម Sunderland ក្នុងក្របខ័ណ្ឌ Premier League ហើយការបង្ហាញខ្លួននេះ បានធ្វើឲ្យរូបគេក្លាយជាកីឡាករវ័យក្មេងបំផុតទី៣ដែលចូលលេងក្នុងក្រុមទី១របស់ក្លិបនេះ។ Woodburn ដែលទើបតែបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងមួយកាលពីពេលថ្មីៗនេះជាមួយនឹងក្លិប Liverpool គឺជាយុវជនអាយុក្រោម១៩ឆ្នាំរបស់វេលស៍ ប៉ុន្តែ រូបគេនៅតែមានសិទ្ធិក្នុងការលេងឲ្យក្រុមឈុតធំរបស់អង់គ្លេស។

លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool បានឲ្យដឹងថា៖ «ចំពោះ Ben យើងដឹងថា រូបគេមានវ័យក្មេងប៉ុណ្ណា ប៉ុន្តែ រូបគេស្ថិតក្នុងកម្រិតបែបនេះក្នុងពេលហ្វឹកហាត់។ វាជារឿងដ៏ល្អមួយ ហើយរាល់កីឡាករទាំងអស់ពិតជារីករាយសម្រាប់រូបគេ»៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77