v9

Sturridge ជួយឲ្យ Liverpool ឈានទៅវគ្គបន្តក្នុង League Cup (មានវីដេអូ Highlight)

7 months ago​ | ដោយ Dara

ខ្សែប្រយុទ្ធ Daniel Sturridge បានធ្វើការរំឭកមួយពីភាពមុតស្រួចរបស់គេទៅកាន់លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool ជាមួយនឹងការរកគ្រាប់បាល់បញ្ចូលទីទាំង២គ្រាប់ក្នុងពេលក្រុមខ្លួនបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Tottenham Hotspur ក្នុងការប្រកួតដណ្តើមពានអង់គ្លេស League Cup កាលពីថ្ងៃអង្គារ។

Sturridge

Sturridge បានចូលលេងក្នុងនាមជាកីឡាករបម្រុងចំនួន៣លើកក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League បួនលើកចុងក្រោយរបស់ក្រុម Liverpool ប៉ុន្តែ រូបគេបានដណ្តើមយកឱកាសដើម្បីបង្ហាញពីសមត្ថភាពរបស់គេនៅកីឡដ្ឋាន Anfield ដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯករងកាលពីរដូវកាលមុនមួយនេះ ឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ។

ស្របពេលជាមួយគ្នានេះ ក្រុម Arsenal ក៏បានឈានទៅប្រកួតនៅវគ្គបន្តផងដែរ ខណៈដែលខ្សែបម្រើ Alex Oxlade-Chamberlain បានស៊ុតបាល់បញ្ចូលទីទាំង២គ្រាប់ក្នុងពេលពួកគេទទួលជ័យជម្នះ ២-០ លើក្រុម Reading ខណៈដែលក្រុម Hull City បានទទួលជ័យជម្នះ ២-១ នៅលើទឹកដីក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Bristol City។

លោក Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «សរុបជារួមមក វាជាការទទួលជ័យជម្នះដ៏ស័ក្តិសមមួយ។ យើងបានបង្កើតឲ្យមានឱកាសជាច្រើន ប៉ុន្តែ អ្នកចាត់ចាំទី Michel Vorm របស់ Tottenham បានបំពេញតួនាទីយ៉ាងអស្ចារ្យ។ ខ្ញុំគិតថា វាជាការប្រកួតដ៏រំភើបមួយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «Sturridge បានធ្វើអ្វីដែលរូបគេត្រូវតែធ្វើ ហើយវាពិតជាអស្ចារ្យណាស់។ រូបគេអាចរកគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ ឬក៏៤គ្រាប់ ប៉ុន្តែ វាពិតជាការប្រកួតដ៏ល្អមួយ។ នោះគឺជាភាពខ្លាំងរបស់គេ ហើយរូបគេបានបង្ហាញវាឲ្យឃើញម្តងទៀត»៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77