v9

Pogba ជួយ Man United បំបាក់ក្រុម Fenerbahce ចាស់ដៃក្នុង Europa League (មានវីដេអូ Highlight)

5 months ago​ | ដោយ Dara

ខ្សែបម្រើ Paul Pogba បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Manchester United បានធ្វើឲ្យយុទ្ធនាការ Europa League របស់ពួកគេ វិលទៅរកភាពល្អប្រសើរវិញ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-១ ក្នុងផ្ទះខ្លួនឯងលើក្រុមយក្សរបស់តួកគី Fenerbahce កាលពីថ្ងៃព្រហស្បតិ៍។

manu

ខ្សែបម្រើអន្តរជាតិបារាំង Pogba បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ និងបានស៊ុតបាល់ពីចម្ងាយមួយគ្រាប់ទៀត ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់៣គ្រាប់ ចាប់តាំងពីផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន៨៩លានផោន (ស្មើនឹង១០៩,១លានដុល្លារអាមេរិក) ពីក្លិប Juventus។ ខ្សែប្រយុទ្ធ Anthony Martial និង Jesse Lingard ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុមរបស់លោក Jose Mourinho បានកត់ត្រាជ័យជម្នះមួយ ដែលបានធ្វើឲ្យពួកគេមាន៦ពិន្ទុស្មើជាមួយនឹងក្រុម Feyenoord នៅលើកំពូលតារាងនៃពូល A។

Robin-Van-Persie

លោក Mourinho បានឲ្យដឹងថា៖ «វាជាការទទួលបាន៣ពិន្ទុ ហើយនោះគឺជាអ្វីដែលយើងត្រូវការ។ យើងបានដឹងក្រោយពីការរងបរាជ័យជាលើកទី១ (ចាញ់ ១-០ នៅលើទឹកដីក្រុម Feyenoord) ថា វាពិតជាសំខាន់ណាស់ក្នុងការទទួលបាន៩ពិន្ទុក្នុងផ្ទះខ្លួនឯង និងរកបានពិន្ទុមួយចំនួនទៀតនៅក្រៅដី ហេតុនេះ វាពិតជាការទទួលជ័យជម្នះដ៏សំខាន់សម្រាប់យើង»។ Fenerbahce បានវាយបកបានមួយគ្រាប់វិញនៅជិតបញ្ចប់ការប្រកួតតាមរយៈអតីតខ្សែប្រយុទ្ធរបស់ Man United គឺ Robin van Persie ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ និងត្រូវបានស្វាគមន៍ដោយដោយការទះដៃអបអរយ៉ាងខ្លាំងពីអ្នកគាំទ្រនៅ Old Trafford៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77