v9

Mahrez ជួយឲ្យ Leicester ខិតកាន់តែទៅវគ្គ១៦ក្រុម ខណៈ Real និង Dortmund ឈ្នះដូចគ្នា (មានវីដេអូ Highlight)

9 months ago​ | ដោយ Dara

ខ្សែបម្រើ Riyad Mahrez បានជួយឲ្យក្រុម Leicester City ដណ្តើមបានជ័យជម្នះមួយផ្សេងទៀតក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ស្របពេលក្រុមជើងខ្លាំង Real Madrid, Juventus និង Borussia Dortmund ក៏ទទួលជ័យជម្នះដូចគ្នាផងដែរ។ Leicester បានរក្សាកំណត់ត្រាឈ្នះ១០០ភាគរយក្នុងពូល G ក្នុងយុទ្ធនាការជាលើកទី១របស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប តាមរយៈការផ្តួលក្រុម FC Copenhagen ក្នុងលទ្ធផល ១-០ ក្នុងកីឡដ្ឋាន King Power ខណៈដែល Mahrez បានរកគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់ក្នុងការប្រកួតនោះ។

real

ខ្សែប្រយុទ្ធ Islam Slimani បានតែតបាល់ទម្លាកឲ្យខ្សែប្រយុទ្ធ Jamie Vardy ដែលបានបញ្ជូនបាល់ទៅឲ្យ Mahrez ក្នុងការរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅជិតប្រអប់ទីតាមរយៈការស៊ុតបាល់ដោយជើងឆ្វេងរបស់គេក្នុងរយៈពេល៥នាទីចុងក្រោយនៃតង់ទី១។ ខណៈដែល ក្រុម Porto បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Club Brugge ក្នុងការប្រកួតមួយគូទៀតក្នុងពូលដដែលនេះ ក្រុមរបស់លោក Claudio Ranieri ដឹងយ៉ាងច្បាស់ថា ការទទួលជ័យជម្នះមួយផ្សេងទៀតនៅលើទឹកដីក្រុម Copenhagen ក្នុងការប្រកួតបន្ទាប់នាថ្ងៃទី២ ខែវិច្ឆិកា នឹងធ្វើឲ្យពួកគេឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។

real2

ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានកត់ត្រជ័យជម្នះយ៉ាងងាយក្នុងលទ្ធផល ៥-១ លើក្រុម Legia Warsaw ក្នុងការប្រកួតពូល F ក្រោយពីអ្នកគាំទ្របានផ្ទុះអំពើហិង្សា នៅកីឡដ្ឋាន Santiago Bernabeu។ ក្រុមរបស់លោក Zinedine Zidane កំពុងនាំមុខនៅលើកំពូលតារាង ដោយមាន៧ពិន្ទុស្មើជាមួយនឹងក្រុម Dortmund ដែលបានផ្តួលក្រុម Sporting Lisbon ក្នុងប្រទេសព័រទុយហ្គាល់។ ដោយឡែក ក្នុងការប្រកួតពូល H ខ្សែបម្រើ Juan Cuadrado បានជួយឲ្យក្រុម Juventus ទទួលជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Lyon៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77