v9
V9BET

ក្រុមចំបាប់ ចេញទៅប្រជែង ខណៈ ញ៉ែម បូរ៉ា បានឈ្នះមេដាយសំរឹទ្ធ១ទៀតឲ្យកម្ពុជា

3 years ago​ | ដោយ Bopha

កីឡាករប៉េតង់ ញ៉ែម បូរ៉ា បានឈ្នះមេដាយសំរឹទ្ធមួយទៀតឲ្យកម្ពុជា នៅក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ លើកទី៥ ឆ្នាំ២០១៦ ដែលកំពុងធ្វើនៅប្រទេសវៀតណាម រីឯក្រុមអត្តពលិកចំបាប់កម្ពុជា បានចេញដំណើរទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍នេះ កាលពីព្រឹកថ្ងៃពុធនេះ។

mm1

កីឡាករកម្ពុជា ញ៉ែម បូរ៉ា ដែលបានបង្ហាញភាពខ្លាំង កាលពីថ្ងៃអង្គារម្សិលមិញ ដោយឈ្នះ៣ប្រកួត និងចាញ់ត្រឹម១ប្រកួត ហើយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូលAនោះ បានទៅចាញ់កីឡាករចំណាត់ថ្នាក់លេខ២មកពីពូលBរបស់ថៃ Srimuean Wanchaloen ១៣ទល់នឹង៦ ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកថ្ងៃពុធនេះ ហើយលទ្ធផលនេះបានធ្វើឲ្យ ញ៉ែម បូរ៉ា ទទួលបានមេដាយសំរឹទ្ធ បន្ទាប់ទៅលើការឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ ដែលមិត្តរួមក្រុមរបស់គេ ដណ្តើមបានកាលពីម្សិលមិញ និងថ្ងៃចន្ទ កន្លងមកនេះ។

mm2

ដោយឡែកក្រុមចំបាប់ ដែលធ្លាប់បានបង្កើតប្រវត្តិសាស្រ្ត ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នេះមុនគេ តាមរយៈការឈ្នះមេដាយសំរឹទ្ធរបស់កីឡាការិនី និ សំណាង នៅប្រទេសថៃ កាលពីឆ្នាំ២០១៤នោះ បានចេញទៅដំណើរទៅចូលរួមការប្រកួតនេះ កាលពីព្រឹកមិញនេះ។

សម្រាប់ការប្រកួតលើកនេះ ក្រុមចំបាប់ ត្រូវបានអនុញ្ញាតិឲ្យទៅចូលរួមចំនួន៧នាក់ ក្នុងនោះមានគ្រូបង្វឹក២នាក់គឺលោក ធិន វិចិត្រ និងលោក កាង ដែនពិសិដ្ឋ រួមទាំងកីឡាករ៣នាក់ និងកីឡាការិនី២នាក់។

mm3

បើតាមលោក ធិន វិចិត្រ បានឲ្យដឹងថា កីឡាករ ហេង វុទ្ធី នឹងប្រកួតក្នុងទម្ងន់៨០គីឡូក្រាម កីឡាករ ងួន មករា ប្រកួតក្នុងទម្ងន់៧០គីឡូក្រាម កីឡាករ អេង ផានិត ប្រកួតក្នុងទម្ងន់៦០គីឡូក្រាម កីឡាការិនី ជ័យ ចាន់រស្មី ប្រកួតក្នុងទម្ងន់៥០គីឡូក្រាម និងកីឡាការិនីជាម្ចាស់មេដាយសំរឹទ្ធ និ សំណាង ត្រូវប្រកួតក្នុងទម្ងន់៦០គីឡូក្រាម។

ប្រភេទកីឡាចំបាប់នេះ នឹងត្រូវធ្វើការប្រកួតតែ៣ថ្ងៃទេ គឺថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា រីឯការផ្គូផ្គង និងថ្លឹងទម្ងន់នៃប្រភេទទម្ងន់នីមួយៗ គឺត្រូវធ្វើឡើងនៅពេលព្រឹកនៃថ្ងៃនីមួយៗ រួចធ្វើការប្រកួតតែម្តង ហើយនេះក៏ជាបញ្ហាមួយផងដែរសម្រាប់ក្រុមចំបាប់កម្ពុជា ក្នុងការស្តាកម្លាំងឡើងវិញ ព្រោះកីឡាករ ងួន មករា ហេង វុទ្ធី និង អេង ផានិត សុទ្ធតែបានសម្រកទម្ងន់ ខណៈ និ សំណាង ក៏មានបញ្ហាលើរបួសធ្លាក់សរសៃស្នាទាំងសងខាង ផងដែរ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.