v9

CellCard បន្ថែមភាពកក់ក្តៅថ្មីមួយដល់ការប្រកួតសិស្សមធ្យមសិក្សានៅឆ្នាំនេះ

12 months ago​ | ដោយ Bopha

ក្រុមហ៊ុនទូរស័ព្ទ CellCard បានសម្រេចចិត្តចូលរួមឧបត្ថម្ភដល់ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា២០១៦ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ហើយការចូលរួមជាពីក្រុមហ៊ុនឯកជនមួយនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យអត្តពលិកជាសិស្សសាលា កាន់តែមានកម្លាំងចិត្តក្នុងការប្រកួតប្រជែងគ្នា ដើម្បីក្លាយជាម្ចាស់ជយលាភី ក្នុងការប្រកួតនេះ។
cellcard
លោក វ៉ាត់ ចំរើនវ៉ាត់ អគ្គលេខាធិការ NOCC បានថ្លែង ក្នុងសន្និសិទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃអាទិត្យថា៖«កីឡាមធ្យមសិក្សា ជាការប្រកួតដ៏សំខាន់មួយ ដែលយើងអាចរកឃើញអត្តពលិកវ័យក្មេង មានទេពកោសល្យពីការប្រកួតនេះ ដើម្បីយកទៅបណ្តុះបណ្តាលបន្ថែម ហើយនៅថ្ងៃអនាគត ពួកគេនឹងត្រូវបានជ្រើសរើសឲ្យចូលរួមជាមួយក្រុមជម្រើសជាតិ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍នានា ហើយពួកគេក៏ជាថ្នាលដ៏សំខាន់ សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»។

បើតាម លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយកីឡាសិស្សនិស្សិត បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំនេះ មានចំនួន៦ប្រភេទកីឡា រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ(ប៉េងប៉ុង) សរុបមានអត្តពលិកចំនួន២៨៨០នាក់(ស្រី១០៥៨នាក់)។

លោក ដួង មាសចំរើន បានបញ្ជាក់ដែរថា បាល់ទាត់បុរសមាន២៥ក្រុម និងនារី២២ក្រុម សរុបមាន៨៣ប្រកួត ដោយធ្វើនៅលើលើទីលានចំនួន៣ ឯបាល់ទះបុរសមានចំនួន២៤ក្រុម និងនារីមាន២៣ក្រុម សរុបមាន៧៩ប្រកួត លេងលើទីលានចំនួន៤ ខណៈបាល់បោះបុរសមាន២០ក្រុម នារី១៧ក្រុម មាន៨៤ប្រកួត លេងលើទីលានចំនួន៤ ហើយកីឡាប៉េតង់បុរសមាន១០ក្រុម នារីមាន៩ក្រុម មានចំនួន៦០ប្រកួត។ ចំណែកវាយកូនឃ្លីលើតុបុរសមាន៥ក្រុម នារី៤ក្រុម មាន១៣ប្រកួត រីឯអត្តពលកម្មបុរស២៥ក្រុម នារី២៤ក្រុម ដោយប្រភេទកីឡានេះត្រូវលេងចាប់ពីបើកការប្រកួតរហូតដល់បិទការប្រកួតតែម្តង ព្រោះអត្តពលកម្ម មានប្រភេទវិញ្ញាសាច្រើនដែលត្រូវប្រកួត។
cellcard1
ទាក់ទងទៅនឹងលក្ខខណ្ឌនៃការប្រកួត លោក ដួច មាសចំរើន បានបញ្ជាក់ថា៖«ការប្រកួតនេះ គឺកីឡាករ កីឡាការិនីជម្រើសជាតិក៏អាចចូលរួមប្រកួតបានដែរ ឲ្យតែគេកំពុងសិក្សានៅថ្នាក់វិទ្យាល័យណាមួយ ប៉ុន្តែបើស្ថាប័នណា ឬក្រុមណា ដាក់អត្តពលិកជម្រើសជាតិ ឬអត្តពលិកផ្សេង ដែលមិនមែនជាសិស្សនោះ នឹងត្រូវកំណត់ឲ្យចាញ់ដោយស្វ័យប្រវត្តិនៅពេលគណៈកម្មការរកឃើញពីបញ្ហានេះ ហើយយើងហ៊ានអះអាងថា គ្មានអ្នកណាអាចបន្លំកីឡាករ កីឡាការិនីបាននោះទេ ព្រោះខាងមន្រ្តីបច្ចេកទេស បានសហការជាមួយនាយកដ្ឋានចំណេះទូទៅពិនិត្យលើសមាសភាពអត្តពលិក»។

ចំណែកតំណាងក្រុមហ៊ុន Cell Card បានថ្លែងនៅក្នុងសន្និសីទកាសែតនោះថា៖« CellCard នឹងផ្តល់ជូនអ្នកដណ្តើមបានជ័យលាភីទាំងអស់ នូវបានប្រាក់រង្វាន់បន្ថែមទៅប្រាក់រង្វាន់របស់ក្រសួង និងស៊ីមកាតពិសេសគ្រប់ៗគ្នា ហើយការសម្រេចចិត្តចូលរួមការឧបត្ថម្ភក្នុងសកម្មភាពកីឡានេះ CellCard មានទស្សនៈគាំទ្រការអប់រំ និងកីឡា ព្រោះនេះជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមតាមរយៈសកម្មភាពកីឡា ដែលសព្វថ្ងៃកំពុងតែមានការរីកចម្រើនគួឲ្យអត់សម្គាល់»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77