v9
V9BET

E-Sports រក​ឃើញ​ក្រុមខ្លាំង​​ទាំង​១៦​ទៅប្រកួត​​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​

4 years ago​ | ដោយ Ricky

យុទ្ធនា​ការណ៍​​ស្វែង​រក​​ក្រុម​ខ្លាំង​ចំនួន​១៦​ នៃ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិច​ត្រូនិក(E-Sport) ​ប្រចាំ​ឆ្នាំ​២០១៥ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ នា​ចុង​សប្តាហ៍​​នេះ បាន​បញ្ចប់​ហើយ​ បន្ទាប់​ពី​​ជ្រើស​រើស​បាន​២​ក្រុម​​ចុង​ក្រោយ​​នៅ​តំបន់​ទី​៦ កាល​ពី​ថ្ងៃ​អង្គារ ម្សិល​មិញ។

e-sport-001 e-sport-002

ក្រុម​ Team Standard និង​ BattleFight គឺ​ជា​បេក្ខភាព ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​បុណ្យ​សមុទ្រ តំណាង​ឲ្យ​តំបន់​ទី​៦ បន្ទាប់​ពី​ក្រុម​ទាំង​២ បានឆ្លង​ផុត​ការ​​ប្រកួត​ជម្រុះ​ ដែល​​មានក្រុម​មក​ពី​​ខេត្ត​ព្រះ​សីហនុ​​ កំពត​ កោះកុង​ កំពង់ស្ពឺ​ និង​ខេត្ត​តាកែវ បាន​ចូល​រួម​ប្រជែង​នោះ។​
ជាមួយ​លទ្ធ​ផល​នៃ​ការ​ប្រកួត​ជម្រុះ​តំបន់​ទី​៦​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​រក​ឃើញ​​ក្រុម​ខ្លាំង​គ្រប់​ចំនួន​១៦ ដើម្បី​បន្ត​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័​ត្រ នៅ​បុណ្យសមុទ្រ ដែល​ប្រភេទ​កីឡា​នេះ នឹង​ត្រូវ​ប្រកួត​នៅថ្ងៃ​ទី​១១ និង​ទី​១២ ខែធ្នូ ចាប់​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច នៅ​ទី​ធ្លាដីឡូត៍ដើមពោធិ៍។
ចំពោះ​ក្រុម​ទាំង​១៦ ដែល​ត្រូវ​ធ្វើ​ដំណើរ​​​ទៅ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​បុណ្យ​សមុទ្រ​នោះ គឺ​​តំបន់​ទី​១ មាន​ក្រុម You Will Know និង​ ​Over Come, តំបន់​ទី​២ ក្រុម Tiger GNX និង​ Five Furious តំបន់​ទី​៣​មាន​ក្រុម Team Orn70n ក្រុម​ Five Dragon និងក្រុម​ The Chance ឯ​តំបន់​ទី​៤​មាន​ក្រុម Never Car ក្រុម Will Show និង​​ក្រុម Five G-Mission ហើយតំបន់​ទី​៥​​នៅ​​​ភ្នំពេញ​​មាន​ក្រុម Vfriend ក្រុមZers ក្រុម Immortal និង​ក្រុម Five Military រួម​ជាមួយ​ក្រុម Team Standard និង​​ក្រុម BattleFight ដែល​ទើប​ឈ្នះ​នៅ​តំបន់​ទី​៦​នេះ។

សូម​បញ្ជាក់​ថា​ លទ្ធផល​​ប្រកួត​របស់​ក្រុម​ទាំង​១៦​ខាង​លើ​នេះ មិន​ទាន់​ដឹង​ថា​ ក្រុម​ណា​ជា​ជើង​ឯក​ប្រចាំ​តំបន់​នៅ​ឡើយ​ទេ​ ដូច្នេះ​ការ​ប្រកួត​ជុំ​​ផ្តាច់​ព្រ័ត្រ​ ក្នុង​ពិធី​បុណ្យ​សមុទ្រ​ត្រូវ​បែង​ចែក​ជា​ពីរ​ផ្នែក​ គឺ​ផ្នែក​ទី​​១​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជ្រើស​រើស​រើស​ជើង​ឯក​ប្រចាំ​តំបន់​ទាំង​៦ ​ដើម្បី​ឲ្យ​ដឹង​ថា​ក្រុម​ណា​លេខ​១​ និង​ក្រុម​ណា​លេខ​២​ប្រចាំ​តំបន់​របស់​ខ្លួន ហើយ​​​ផ្នែក​ទី២​​ ក្រុម​ទាំង​១៦​ត្រូវ​បែង​ចែក​ជា​ពូល ​សម្រាប់​ការ​ប្រកួត​កីឡា​អេឡិច​ត្រូនិក​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៥។
សម្រាប់​ប្រាក់​រង្វាន់​ជយលាភី​​ប្រចាំ​តំបន់​គឺ​​​ក្រុម​​​លេខ​១ ​ទទួល​បាន​​១៥០០​ដុល្លារ​ និង​ក្រុម​​លេខ​២​​ទទួល​បាន​​១០០០​ដុល្លារ​អាមេរិក។ ចំណែក​​ប្រាក់​រង្វាន់​​ជយលាភី​ជើង​ឯក​ថ្នាក់​ជាតិ​វិញ ក្រុម​​លេខ​១​ទទួល​បាន៣០០០​ដុល្លារ​​ ក្រុម​​លេខ​២​ ទទួល​បាន​២០០០​ដុល្លារ​ និង​ក្រុម​​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ​អាមេរិក ហើយ​ក្រុម​លេខ​១ និង​លេខ​២​ជើង​ឯក​ថ្នាក់​ជាតិ​នឹង​ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ ត្រូវ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC នា​ខែ​មករា ឆ្នាំ​២០១៦​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​​ថា ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា ​សហការ​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ ព្រម​ទាំង​មាន​ការ​គាំទ្រ​​ពី​ក្រសួង​ទេសចរណ៍​ និង​សមាគម​សហព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់​ទំនង (ICT Cambodia)​ ដែល​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ Sabay៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.