v9

១៦ក្រុម កំពុងប្រជែងគ្នាក្នុងពាន Premium 5’S League 2015

2 years ago​ | ដោយ Bopha

ក្រុម​បាល់​ទាត់​ហ្វុត​សាល​មិន​មែន​អាជីព​ចំនួន​១៦​ក្រុម កំពុង​តែ​​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិត​ស្វាញ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ហ្វុត​សាលដណ្តើម​​ពាន​រង្វាន់ Premium 5’S League 2015។

ព្រឹត្តិការណ៍​ដ៏​ថ្មី​សន្លាង​មួយ​នេះ ​បង្កើត​ឡើង​​ដោយ​​ម្ចាស់​ក្លិប Premium Sport Club ហើយ​ ក្នុង​គោល​បំណង​ផ្តល់ឱកាស​ឲ្យ​​អ្នក​និយម​លេង​កីឡា បាន​ចូល​រួម​លេង​បាល់​ទាត់ ដើម្បី​ទទួល​បាន​​សុខ​ភាព និង​ចំណង​មិត្ត​ភាព ខណៈ​ក្លិប​មួយ​នេះ​មាន​ទាំង​​តារាង​បាល់​ទាត់ បាល់​បោះ វាយ​កូន​​បាល់ និង​សេវា​រក​គូ​ប្រកួត​ជូន​ក្រុម​នីមួយៗ​នោះ ហើយ​​ក៏​មាន​គម្រោង​បង្កើត​ឲ្យ​មាន​តារាង​​បាល់​​ទះ និង​ភោជនីយ​ដ្ឋាន នា​ពេល​ឆាប់ៗ​ខាងមុខ ផង​ដែរ។
1
2
លោក ឃុល ភីរម្យ ប្រធាន​គណៈកម្ម​ការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​នេះ​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​​បើក​ការ​ប្រកួត កាល​ពី​ថ្ងៃ​សៅរ៍ថា៖​​«​ក្រុមទាំង​​​១៦​ ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ ត្រូវធ្វើ​ការ​​ប្រកួត​តាម​រូប​មន្ត​វិល​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៨ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ខណៈ​​ការ​ប្រកួត​​នេះ ​ត្រូវ​​ចំណាយ​ពេល​ប្រកួត​អស់​១៨​សប្តាហ៍»។
3
ខ្សែ​ប្រយុទ្ធ​កូន​កាត់​ខ្មែរ-បារាំង គួច ដានី ក៏​ត្រូវ​បាន​ញ្ជើញ​ឲ្យ​ទៅ​ចូល​ក្នុង​ពិធីសន្និសីទ​កាសែត បើក​ការ​ប្រកួត កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​នោះ​ដែរ ហើយ​​ក្រៅ​ពី​សុំ​ឲ្យ​ក្រុម​នីមួយៗ​លេខ​​ប្រកប​ដោយ Fair play ដើម្បី​ស្រប​ទៅ​តាម​គោល​ការ​​ការ​ប្រកួត​នេះ គឺ​សុខ​ភាព និង​មិត្តភាព​នោះ គួច ដានី ក៏​បាន​បង្ហាញ​ពី​បច្ចេក​ទេស​ត្រិះ​បាល់​ដ៏​ស្ទាត់​ជំនាញ​របស់​ខ្លួន ដើម្បី​ឲ្យ​ក្រុម​ចូល​រួម​ទាំង​អស់​បាន​ចូល​រួម​ទស្សនា​ដែរ។

​គួរ​បញ្ជាក់​ថា ការ​ប្រកួត​ពាន​រង្វាន់ Premium 5’S League 2015 ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។ រីឯ​ការ​ប្រកួត​បើក​ឆាក កាល​ពីរសៀល​​ថ្ងៃ​សៅរ៍​នោះ ក្រុម​ម្ចាស់​ទី​លាន Premium FC បាន​ចាញ់​ក្រុម Ratanakiri FC ៩-៦ ឯ​ក្រុម Beggar FC បាន​ចាញ់​ក្រុម Baguette United ៦-៥ ខណៈ​ក្រុម​ TV3 FC ត្រូវ​បាន​​ក្រុម Street Boys FC លត់ ១៥-៦។
4
5
ចំណែក​ការ​​ប្រកួត​រវាង​ក្រុម​ចំនួនទៀត កាល​ពី​ព្រឹក និង​យប់​​ថ្ងៃ​អាទិត្យ ម្សិល​មិញ ​ក្រុមស្រុក​ស្រែអេហ្វស៊ី បាន​ឈ្នះ​ក្រុម CF 369 ក្នុង​លទ្ធ​ផល ១០-៣ ឯ​​ក្រុម Dot Mes FC ​បាន​លត់​​ក្រុម Dude FT ១៣-៨ ប៉ុន្តែ​ក្រុម Walker FC បាន​ចាញ់​ក្រុម New Star FC ១០-៨ ហើយ​ក្រុម Zeal Five FC ​​ត្រូវ​បាន​ក្រុម CLE FC លត់​ក្នុង​លទ្ធ​ផល ១១-៥៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77