v9

ឡៅ ចន្ទ្រា ឡើងសងថៃជំនួសជនរួមជាតិ តែ កែវ រំចង់ ឈ្នះ៣ពិន្ទុពីថៃដោយស្វ័យប្រវត្តិ

2 years ago​ | ដោយ Bopha

អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យ​ក្មេង ឡៅ ចន្ទ្រា នឹង​ឡើង​ប្រកួត​សង​សឹង​កីឡាករ​ថៃជំនួស​កីឡាករ ឯម សាវឿន នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​ល្ងាច​ថ្ងៃ​អាទិត្យ ខណៈ ពេជ្រ សីហា ក៏​ត្រូវ​ជួប​ថៃ​ក្នុង​ពេល​នោះ​ដែរ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ ក្នុង​ទម្ងន់​៦៩​គីឡូ​ក្រាម នៅ​លើ​​សង្វៀនបាយ័ន​​ស្ទឹង​មាន​ជ័យ នា​រាត្រី​​ថ្ងៃ​អាទិត្យនោះ​ដែរ កែវ រំចង់ ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម​ដោយ​ស្វ័យ​ប្រវត្តិ ឯ​ ឡុង សុភី ត្រូវ​ជួប Sarm Dieng Petchopkav។

​ ​តាម​ពិត​​ការ​ប្រកួត​ជុំ​ទី​៣​នៅ​សប្តាហ៍​នេះ កែវ ​រំចង់ ​ដែល​ជា​តារា​ប្រ​ដាល់​​សំណព្វ​ចិត្ត​ប្រចាំ​នៅ​​សង្វៀន​បាយ័ន​ ត្រូវ​បាន​ធ្វើ​ការ​ប្រកួត​ជាមួយ​​កីឡាករ​ថៃ​ ​Singha Thorngnoy​ ដែល​ធ្លាប់​ឈ្នះ​ពិន្ទុ ម៉ឺន សុភា និង​បាន​សន្លប់​ក្រុម​ស្នៀត​ជង្គង់​ ឡុង សុភី នៅ​ទឹក​ទី​៤ ប៉ុន្តែប្រភព​ច្បាស់​ការ​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ​Singha Thorngnoy មិន​បាន​មក​ប្រកួត​រហូត​តែ​ម្តង ដោយ​សារ​តែ​គេ​មាន​របួស កំពុង​ព្យាយាម​បាល់​នៅ​ថៃ ហេតុ​នេះ វង្ស ណយ ដែល​ប្រកួត​វិល​ជុំ​លើក​ទី​៤​ចុង​ក្រោយប៉ះ​ Singha Thorngnoy នោះ​ក៏​ឈ្នះ​បាន​៣ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ​ ដូច​កែវ​ រំចង់ ដែរ។
1
ការ​អត្តវត្ត​មាន​របស់​ Singha Thorngnoy បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ​​កាន់​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​មាន​ភាព​ទន់​ជ្រាយ មិន​ស័ក្តិ​សម​ទៅ​នឹង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​បែប​អន្តរជាតិ ព្រោះគេ​នៅ​ចាំ​បាន​ថា គណៈកម្មការ​រៀបចំ​ការ​ប្រកួ​ត​របស់​បាយ័ន បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​កីឡាករថៃ​ម្តង​ហើយ។ ប៉ុន្តែ​បើ​តាម Page របស់​សង្វៀន​បាយ័ន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ គ្រូ​បង្វឹក​របស់​ Singha Thorngnoy ​នឹង​មក​បក​ស្រាយ​ជុំ​វិញ​បញ្ហា​របស់​កូន​សិស្ស​របស់​លោក​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ដើម្បី​លុប​បំបាត់​ការ​សង្ស័យ​ផ្សេងៗ។

ចំណែក ឡុង សុភី របស់​ក្លិប​សាល​វ័ន្ត​កីឡា នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ដណ្តើម​យក​៣ពិន្ទុជាមួយ​កីឡាករ​ថៃ Sarm Dieng Petchopkav ដដែល ដើម្បី​ដណ្តើម​យក​៣ពិន្ទុ​បន្ថែម ខណៈ​ការ​ប្រកួត​២​លើក​កន្លង​មក ឡុង សុភី ឈ្នះ​១ និង​ចាញ់​១​ប្រកួត ដោយ​មាន​៤ពិន្ទុ។
2
ដោយ​ឡែក ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិនៅ​លើ​សង្វៀន​បាយ័នស្ទឹង​មាន​ជ័យ ល្ងាច​ថ្ងៃ​អាទិត្យ​នោះ​ដែរកីឡាករ​ជើង​ខ្លាំង ឡៅ ចន្ទ្រា របស់​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១ នឹង​ប្រឈម​ជាមួយ​កីឡាករ​ថៃ Bunnam Luck Champachai ដែល​​ធ្លាប់វាយ​កែង​ទៅ​លើ​កីឡាករ​កម្ពុជា ឯម សាវឿន ឲ្យ​អាជ្ញា​កណ្តាល​រាប់​នៅ​ទឹក​ទី​២ មុន​ពេល​គេ​ប្រើ​ជង្គង់ផ្តួល សាវឿន ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣ ហើយ​ការ​ប្រកួត​នេះ ឡៅ ចន្ទ្រា បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុន​មាំ​ថា គេ​នឹង​យក​ឈ្នះ​ឲ្យ​ខាង​តែ​បាន ព្រោះ​គេ​មិន​ចង់​ឲ្យ​កីឡាករ​ថៃ​ម្នាក់​នេះ​ផ្តួល​កីឡាករ​កម្ពុជា ជា​លើក​ទី​២​នោះ​ឡើយ។

ចំណែក​អ្នក​លេង​កណ្តាប់​ដៃ ពេជ្រ សីហា របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ Jongafight Jongsnanwin។ ថៃ​​ម្នាក់​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ ហើយ​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួតរបស់​បាយ័ន ក៏​មិន​បាន​ប្រាប់​ពី​ប្រវត្តិ​ប្រកួត​របស់​គេ​ឲ្យ​ដឹង​នោះ​ដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77