v9

ការ​ចំ​អក ឌឺ​​ដង​ដាក់​គ្នា​របស់ វ៉ន​ វីវ៉ា និង​ សេន ប៊ុន​ថេន ឆ្លង​​ដល់​ប្រពន្ធ

3 years ago​ | ដោយ Bopha

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​លំដាប់​ជួរ​មុខ​របស់​កម្ពុជា គឺ​ម្ចាស់​ខ្សែ​ក្រវាត់​អន្តរជាតិ ISKA វ៉ន វីវ៉ា និង សេន ប៊ុនថេន កំពុង​យក​ប្រព័ន្ធ​ហ្វេស​ប៊ុក ដើម្បី​ធ្វើ​ការ​​ចំអក និង​ឌឺ​ដង​ដាក់​គ្នា ចំពោះ​គំនុំ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ហើយ​នៅ​ពេល​នេះ​ប្រពន្ធ​របស់​អ្នក​ទាំង​២ ក៏​បាន​ចេញ​មុខ​មក​ឌឺដង​ដាក់​គ្នា ដើម្បី​លើក​មុខមាត់​​ឲ្យ​ប្តី​រៀងៗ​ខ្លួន។

mm2ដើម​ចម​នៃការ​បង្កើត​ឲ្យ​មាន​ការនិយាយ​ចំអក ឌឺដង​​ដាក់​គ្នា​រវាង​ប្តី-ប្រពន្ធ​២​គូរ​នេះ គឺ​ផ្តើម​ចេញ​​ពី វ៉ន​ វីវ៉ា​ ដែល​​បាន​សរសេរ​វាយ​ប្រហារ​​ទៅ​លើ សេន ប៊ុនថេន បន្ទាប់​ពី​ សេន​ ប៊ុនថេន​ បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​បារាំង​ Antone​ Pinto ជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍​Thai Fight​ កាល​ពី​​រាត្រី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ។

mm5វ៉ន វីវ៉ា បាន​សរសេរ​លើ​គណនី​ហ្វេស​ប៊ុក (Viva​ Vorn)​ ​ថា​៖«ចាស់​ថា​កុំ​អួត​ពេក​ ចាញ់​គឺ​វា​អញ្ចឹង​ ហា​ហា​ ខ្លាំង​ទៀត​ទៅ​អាប្អូន​! ស្តាយ​ណាស់​ បើ​ដឹង​ថា​ឯង​អញ្ចឹង​នោះ​ បង​មិន​ទុក​ឲ្យ​បាន​៥​ទឹក​ទេ។ ៤​ទឹក​មិន​ទាន់​ទេ​គឺ​អាប្អូន​សុំ​បង​ (កុំវ៉ៃ​ពេក​ ជួយ​គ្នា​ឲ្យ​បាន​ចប់​ទឹក​ផ​ង​ នេះ​ជា​ពាក្យ​របស់​ សេន​ ប៊ុនថេន) សុំទោស​បង​ប្អូន​ ខ្ញុំ​មិន​គួរ​និយាយ​ពាក្យ​ទាំង​នេះ​ទេ តែ​គាត់​ធ្លាប់​ថា​ឲ្យ​រូប​ខ្ញុំខ្លាំង​ៗ​ពេក​ (ឥឡូវ​ខ្ញ្ញុំ​ចង់​ឲ្យ​ សេន​ ប៊ុនថេន​ បាន​លឺថា​ ខ្ញុំ​នេះ​និយាយ​ពិត​ឬ​ទេ? ចេញ​ពី​មាត់​របស់​គាត់) អ្នក​ចង់​ដាក់​ ៨០០០$ មក​ សម្រាប់​អ្នក​ឈ្នះ​តែ​៨០$ សម្រាប់​អ្នក​ចាញ់​ ហ៊ាន​ទេ​ (សម្រាប់អ្នក​ពូកែ​និយាយ​ថា​ឲ្យ​គេ​នោះ»។

mm1 mm3ការ​និយាយ​បែប​ចំអក​របស់ វ៉ន វីវ៉ា ត្រូវ​បាន សេន​ ប៊ុនថេន​ ​ឆ្លើយ​តប​វិញ​ថា​៖«ម្ចាស់​ខ្សែក្រវាត់​ ISKA ​ដូច​ជា​ចេះ​ដឹង​គួរ​សម​ដែរ​ ឯ​ឈ្មោះ​ក៏​ល្បី​ ចុះ​ហេតុ​អី​បាន​ជា​សំដី​ចេញ​មក​ដូច​ជា​មនុស្ស​មិន​ដែល​ចូល​សាលា​…. ខ្ញុំ​ដូច​ជា​មិន​ព្រឺ​ក្នុង​រឿង​នេះ​ដែរ។ បើ​ខ្លួន​ឯង​គ្រាន់​បើ​មែន​នោះ​ ហ៊ាន​ដាក់​ខ្សែ​ក្រវាត់​ ISKA​ ដែល​មួយ​ជីវិត​បាន​តែ​មួយ​នេះ​ទេ? បើ​ហ៊ាន​ដាក់​ថ្ងៃ​កំណត់​នៅ​ឆ្នាំ​២០១៥​ ខ្ញុំ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់​ ISKA ​ជា​និច្ច។ ខ្ញុំ​ឲ្យ​ដាក់​ពេល​កំណត់​នេះ​ ពី​ព្រោះ​ខ្ញុំ​មាន​កម្មវិធី​ប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន​ដែល​គេ​មក​រក​ ខ្ញុំ​ ព្រោះ​ថា​ ខ្ញុំ​បាទ​ សេន​ ប៊ុនថេន​ មិន​មែន​ជា​កង្កែប​ក្នុង​អណ្តូង​ដូច​ម្ចាស់​ខ្សែក្រវាត់​ ISKA​ ទេ»។

c1 បន្ថែម​ទៅ​លើ​ការ​ឆ្លើយ​តប​របស់ សេន ប៊ុនថេន អ្នក​ស្រី ខាន់ សោភ័ណ្ឌ ដែល​ជា​ភរិយា​របស់​ សេន ប៊ុនថេន បាន​លើក​ឡើង​ថា ៖«​ខ្ញុំ​គិត​ថា​ប្តី​ខ្ញុំ​មិន​អន់​ដល់​ថ្នាក់​ទៅ​សុំ​គេ​ឲ្យ​បន្ធូរ​ដៃ​ ឲ្យ​នោះ​ទេ​ គាត់​មាន​តែ​គេ​សុំ​វិញ​ ខ្ញុំ​ដូច​ជា​ឆ្ងល់​ដែរ បន្ទាប់​ពី​ថ្ងៃ​ដែល វ៉ន វីវ៉ា ប្រកួត​ចាញ់​ប្តី​ខ្ញុំ​ នោះ​ប្តី​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​សុំឲ្យ​ វ៉ន វីវ៉ា និង​ប្រកួត​ជា​មួយ​គាត់​ម្តង​ទៀត​ដើម្បី​បញ្ជាក់​ ពី​ភាព​យុត្តិធម៌​ហេតុ​អី​គាត់​សុំ​ ហើយ​ម៉េច​មិន​ហ៊ាន​វ៉ៃ ឬ​ខ្លាច​បាក់​មុខ​ខ្លាច​ចាញ់​ម្តង​ទៀត​មែន ​លោក​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ ISKA​ ហឺ​..ចាត់​ទុក​ថា​សំណាង​ទៅ​ថ្ងៃ​នោះ​បើ​កុំ​អាជ្ញា​កណ្តាល​នៅ​រាប់​ស៊ី​ម៉ោង និង​ធ្វើ​ជា​ឲ្យ​ពេទ្យ​ពិនិត្យ​ដោយ​ខ្លួន​គ្មាន​របួស​អី​បន្តិច​សោះ​ កុំ​អី​ថ្ងៃ​នោះ​យក​រេញ​ធ្វើ​ពូក​ដេក​ហើយ​ក៏​មិន​ដឹង​…!!​ ហា​ស​ហា»។

ជាមួយ​នឹង​ការ​លើក​ឡើង​នេះ កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​​២០១៣ ស៊ន ដាវីន ដែល​ជា​ភរិយា វ៉ន វីវ៉ា ​​បាន​សម្រេច​សរសេរ​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា៖«ខ្ញុំ​ជា​ប្រពន្ធ​ដូច​នេះ​ ខ្ញុំ​ទុក​កិត្តិយស​ឲ្យ​ប្ដី​ តប​សម្ដី​នាំ​តែ​ខ្មាស​គេ​ យ៉ាង​ណា​ក៏​ជា​រឿង​ប្ដី។ វ៉ៃ​៩​ដង ឈ្នះ​៨​ដង​ហើយ​ប្ដី​ខ្ញុំ​ ចាញ់​ម្ដង​ថា​ឯង​អន់​ អញ្ជើញ​អួត​ចុះ​អត់​ឈឺ​ក្បាល​ទេ​បង»។c2 c3

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77