ប្រកួតជម្រុះ Leo Cup មណ្ឌលខេត្តកំពង់ចាម នៅរសៀលថ្ងៃនេះ
ការប្រកួតជម្រុះបាល់ទះដណ្តើមពានរង្វាន់លីអូបៀរ លើកទី៣ ប្រចាំឆ្នាំ២០១៤ ( Leo Cup National Volleyball 2014) ប្រចាំនៅមណ្ឌលខេត្តកំពង់ចាម នឹងបើកការប្រកួតនៅរសៀលថ្ងៃអង្គារនេះ។
សម្រាប់ការប្រកួត ដែលត្រូវរៀបចំឡើងនៅទីលានបាល់ទះការិយាល័យ និងកីឡាខេត្តកំពង់ចាមមួយនេះ គឺមានក្រុមកីឡាករចំនួន៨បានដាក់ពាក្យចូលរួមប្រកួត ហើយក្រុមទាំងនេះត្រូវបានបែងចែកការប្រកួតជា២ពូល ដោយក្នុងនោះពូលA មានក្រុមសាលាកសិកម្មជាតិ ក្រុមស្រុកចំការលើ ក្រុមស្រុកត្បូងឃ្មុំ និងក្រុមស្រុកមេមត់ ខណៈពូលBមានក្រុមវិទ្យាល័យ ខ្ចៅ វិទ្យាល័យស្គន់ ស្រុកកោះសូទិន និងក្រុមស្នងការនគរបាលខេត្តកំពង់ចាម។
នៅក្នុងលក្ខខណ្ឌនៃការប្រកួតនេះ គឺក្រុមទាំង៤ ដែលឈរនៅក្នុងពូលនីមួយៗ ត្រូវធ្វើការប្រកួតជម្រុះគ្នា ដើម្បីស្វែងរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន២ក្រុម ក្នុងពូលនីមួយៗ សម្រាប់ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ជាបន្តទៀត។
យ៉ាងណាមិញ សម្រាប់ការប្រកួតបើកឆាក នៅនៅថ្ងៃអង្គារនេះ ក្រុមសាលាកសិកម្មជាតិ ត្រូវប្រកួតជាមួយក្រុមស្រុកមេមត់ នៅវេលាម៉ោង ១៤:៣០ ខណៈក្រុមស្រុកចំការលើ ត្រូវជួបក្រុមខេត្តត្បូងឃ្មុំ នៅម៉ោង ១៥:៣០ រីឯក្រុមវិទ្យាល័យខ្ចៅ ត្រូវប៉ះក្រុមស្នងការនគរបាលខេត្តកំពង់ចាម។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតនៅតាមមណ្ឌលនីមួយៗ គឺយកក្រុមម្ចាស់ជើងឯក និងជើងឯករង សម្រាប់ឡើងទៅប្រកួតបន្តនៅក្នុងវគ្គ១៦ក្រុមក្នុងដំណាក់កាលផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅរាជធានីភ្នំពេញ ហើយបើគិតមកដល់ពេលនេះព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ បានបញ្ចប់ការប្រកួតជម្រុះប្រចាំនៅមណ្ឌល២ហើយ គឺមណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលខេត្តព្រះសីហនុ ខណៈក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់វាលស្បូវ ក្រុមសហភាពសហព័ន្ធយុវជនកម្ពជាខេត្តព្រៃវែង ក្រុមវិទ្យាល័យហ៊ុនសែនស្មាច់ដែង១ និងវិទ្យាល័យត្រពាំងល្ពៅ បានក្លាយជាក្រុមបេក្ខភាព ដែលឈ្នះកៅអី នៅវគ្គ១៦ក្រុម៕
Volley Ball