v9

ប្រកាស​រក​បេក្ខ​ភាព​ចូល​រួម​ប្រកួត​វាយ​កូន​ឃ្លី​លើ​តុ​ដណ្ដើម​ពានរ​ង្វាន់​សម្ដេច​ហេង ​សំរិន

3 years ago​ | ដោយ Bopha

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុកម្ពុជា បាន​នឹង​កំពុងស្វះ​ស្វែង​​ប្រកាស​រក​បេក្ខភាព ដើម្បី​ចូល​រួម​ការ​ប្រកួតលក្ខណៈ​បើក​ទូលាយ ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រចាំឆ្នាំ​​២០១៤ ដែល​គ្រោង​និង​ធ្វើ​ឡើង​នៅក្នុង​ទី​លាន​វាយ​កូន​ឃ្លី​លើ​តុ​នៃ​ពហុកីឡដ្ឋាន​ជាតិ នា​​ចុង​ខែ​ឧសភា។cambosport-tabletenis2

ទាក់​ទង​ទៅ​នឹង​គម្រោង​នៃ​ការ​ប្រកួត​នេះ​លោក ​ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​ថា​ នេះជា​លើក​ទី​២​ហើយ ដែល​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា បាន​រៀប​ចំ​ការ​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ នេះ​ឡើង ហើយ​ការ​ប្រកួត​លើក​នេះ​​គ្រោង​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​​​ទី​២១ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ដោយ​មាន​​​វិញ្ញាសា​ប្រកួតចំនួន​៣​ គឺការ​​ប្រកួត​ជា​ក្រុម​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ ប្រកួត​ឯកត្តជន​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ និង​ប្រកួត​ឯកត្តជន​នារី​អាយុ​ក្រោម​១៧​ឆ្នាំ។

លោក ស៊ុន សុទ្ធា​រិ​ទ្ធ បានប្រាប់​ឲ្យ​ដឹង​ទៀត​ថា៖​«​បើ​ទោះ​បី​ជា​ការ​ប្រកួត​នេះ​មាន​​​លក្ខណៈ​បើក​ទូលាយ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​យើង​មិន​អនុញ្ញាត​ឲ្យ​​មាន​កីឡាករ​ជម្រើសជាតិ​ចូលរួម​នោះ​ឡើយ គឺ​ការ​ប្រកួត​លើក​នេះ​យើង​ផ្តោត​សំខាន់ខ្លាំង​​ទៅលើ​អ្នក​មិនមែន​អាជីព ជា​ពិសេស​ក្រុម​យុវជន​​តែ​ម្តង»។

cambosport-tabletenis

គួរ​រំឭក​ថា សម្រាប់​ការ​​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ លើក​ទី​១ កាល​ពី​ឆ្នាំ​​២០១៣ ដែល​ធ្វើ​នៅ​ក្នុង​អំឡុង​ខែ​មីនានោះ សហព័ន្ធកីឡា​វាយ​កូន​ឃ្លី​តុ​កម្ពុជា ​បាន​បើកទូលាយ​​ឲ្យ​មាន​ការចូល​រួមប្រកួត​ទាំង​កីឡាករ កីឡាការិនី​អាជីព និង មិនមែន​អាជីព ​ហើយ​ការ​ប្រកួត​​កាល​នោះមាន​ក្លិប​ចំនួន​១៣​បាន​ចូល​រួម​ប្រកួត និង​មាន​កីឡាករ-ការិនី​សរុប​៦៤​នាក់​(ស្រី​៩​នាក់) ដោយ​ក្នុង​សមាស​ភាព​ទាំង​នោះ​ក៏​មាន​កីឡាករ​មក​ពី​ប្រទេស​ចិន វៀតណាម និង កីឡាករ​បរទេស​ស្ម័គ្រ​ចិត្ត​ចំនួន​២​រូប ជា​ជនជាតិ​រុស្ស៊ី និង ហូឡង់ ចូល​រួម​ប្រកួត​ផង​ដែរ។

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​ទី​២​នេះ គេ​នៅ​មិន​ទាន់​ដឹងច្បាស់​ថា មាន​អ្នក​ចូល​រួម​ប៉ុន្មាន​នាក់​នោះ​ទេ ខណៈ​ក្លិប​ទាំង​១៣​ដែល​បាន​ចូល​រួម​កាល​ពី​ឆ្នាំ​២០១៣ រួម​មាន​ក្លិប​ Junlun Rat Sokhorn ក្លិប Rat Sokhorn Inc ទួល​ស្វាយ​ព្រៃ​២ ទួល​ស្វាយ​ព្រៃ​ថ្មី អូឡាំពិក ADCHC ក្លិប VIET Nam Embassy ក្លិប Spiderman កីឡា​ដើម្បី​កីឡា អង្គការ​ភាព​ញញឹម​នៃ​កុមារ​រាជធានី​ភ្នំពេញ អង្គការ​ភាព​ញញឹម​នៃ​កុមារ​ខេត្ត​សៀមរាប ធនាគារ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​(FTB) និង​ក្លិប​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិក​កាំង៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77