v9

កីឡាករ​៤​ប្រភេទ​ ធ្វើ​ឲ្យ​កក្រើក​ នៅ​អង្គរ​សង្ក្រាន្ត​

3 years ago​ | ដោយ Bopha

ការ​ប្រកួត​ និង​សម្តែង​កីឡាចំនួន​៤​ប្រកួត រួម​មាន​អុកចត្រង្គ ល្បុក្កតោ ចំបាប់ និង​ទាញ​ព្រ័ត្រ នៅ​ក្នុង​ព្រឹត្តិការ​ណ៍​អង្គរ​សង្រ្កាន្ត​នៃ​ទឹក​ដី​ខេត្ត​សៀម​រាប នា​​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដែល​ទើប​បាន​បញ្ចប់​ថ្មី​ៗ​នេះ បាន​ទទួល​ការ​គាំ​ទ្រ​ច្រើន​​​បំផុត​។

A210178463_842783802403050_1264022779_nសម្រាប់​ការ​ប្រកួតអុក​ចត្រង្គ ដែល​មាន​អ្នក​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​នោះ កីឡាករ​វ័យ​២៤​ឆ្នាំ ឈាវ បូរ៉ា បានប្រើ​ពេល​ត្រឹម​៤០នាទី ដើម្បី​យក​ឈ្នះ​លើ​អ្នក​លេង​អុក​ជើង​ចាស់​វ័យ​៥០​ឆ្នាំ គ្រួច ចន្ថារិទ្ធិ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​អង្គរសង្ក្រាន្ត កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​ក្លាយ​ជា​ស្តេច​អុក​ចត្រង្គ​ប្រចាំ​នៅ​ស្រុក​ខ្មែរ ក្នុង​ឆ្នាំ​២០១៤​នោះ និង​ទទួល​ប្រាក់​រង្វាន់​សរុប​៤៨០០​ដុល្លារ ខណៈ គ្រួច ចន្ថារិទ្ធិ ទទួល​បានប្រាក់​រង្វាន់ ៣៣០០​ដុល្លារ។

A410268380_842783505736413_1621846323_n

ចំណែក​កីឡាករ សូ សំភី បាន​​ទទួល​​ទឹក​ប្រាក់​១៨០០​ដុល្លារ នៅ​ពេល​រូប​គេ​បាន​​យក​ឈ្នះលើ​​កីឡាករ កែវ វឌ្ឍនា ក្នុង​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​នោះ រីឯ វឌ្ឍនា ក៏​ទទួល​បាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​១៤០០​ដុល្លារ​ផង​ដែរ។ ​ការ​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ច្រើន​បែប​នេះ ដោយ​សារ​តែ​សម្តេច ហ៊ុន សែន បាន​​ចូល​រួម​ឧបត្ថម្ភនូវ​ទឹក​ប្រាក់​​សរុប​៨០០០​ដុល្លារ ឯកឧត្តម ថោង ខុន ១០០០ ដុល្លារ និង ឯកឧត្តម ឃឹម ប៊ុនសុង ១០០០ ​ដុល្លារ បន្ថែម​ទៅ​លើ​ប្រាក់​រង្វាន់ ដែល​ផ្តល់​ជូន​ដោយ​ស្រាបៀរអង្គរ។

​ចំណែក​​កីឡា​ទាញ​ព្រ័ត្រ​ បាន​បង្កើត​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​លេង​ជាង​១០០០​នាក់​ ហើយ​ការ​ប្រកួត​​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា កំណត់​​ថា គឺ​ជា​ការ​ប្រកួត​បំបែក​កំណត់​ត្រា​ថ្នាក់​ជាតិ ដែល​មាន​កីឡាករ​ចូល​រួម​ច្រើន​បំផុត។

cambosport-boxing

ចំណែក​​ក្រុម​កីឡាករ កីឡាការិនី​ល្បុក្កតោ​ ដែល​ឈរ​សម្តែង​ចែកជា​​វេន​គ្នា ​សម្រាប់​បំរើ​ជូន​អ្នក​មក​ទស្សនា​ ក្នុង​ថ្ងៃ​មហាសង្ក្រាន ដែរ​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ទាក់​ទាញ​បំផុត ​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​ព្រឹទ្ធាចារ្យ​កីឡា ​ហុក ​ឈាង​គីម និង​អ្នក​ជំនាញ​​ខាង​កីឡាករ​មួយ​នេះ​ជា​ច្រើន​រូប​ទៀត​។​

ជាមួយ​គ្នា​នោះ​ដែរ ​កីឡា​ចំបាប់​បុរាណ ដែល​មាន​ការ​ប្រកួត និង​សម្តែង ​​នៅ​លើ​ទីលាន​ពីរ​កន្លែង ​គឺ​នៅ​មុខ​អង្គរ​តូច ​និង​នៅ​ទី​លាន​ជល់​ដំរី នោះ ក៏​បាន​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ដូច​គ្នា បើ​ទោះ​បី​ជា​ការ​ប្រកួត​ និង​សម្តែងកីឡា​ប្រភេទ​នេះ មិន​សូវ​មាន​អត្តពលិក​ស្ម័គ្រ​​ចិត្ត​ចូល​រួម​មក​ប្រកួត និង​សម្តែង ដូច​ការ​រំពឹង​ទុក​ក៏​ដោយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77