v9

ការដណ្តើមខ្សែក្រវាត់របស់ វង្ស ណយ ពី កែវ រំចង់ ស្ថិតក្នុងភាពមន្ទិល

3 years ago​ | ដោយ 007

អ្នក​ប្រដាល់​ចិត្ត​ធំ ​កែវ ​រំចង់​ បាន​​ដាក់​ខ្សែរបស់​ខ្លួនឲ្យ វង្ស ណយ ឡើង​ប្រកួត​ដណ្តើម​នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ នា​ល្ងាច​ថ្ងៃ​សុក្រ ទី៤ ខែមេសា នេះ រីឯ​​អ្នក​ប្រដាល់​ជើង​ខ្លាំង២​រូប​ទៀត​គឺ រឿង សោភ័ណ្ឌ និង ឯម វុត្ថា ក៏​​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ។

Keo Romjong_Cambosport

ប៉ុន្តែ​ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ ត្រូវ​បាន​គេ​គិត​ថា​​ វា​អាច​នឹង​មានរឿង​អាថ៌កំបាំង​នៅ​ពី​ក្រោយព្រោះ កែវ រំចង់ បាន​ក្លាយ​ជា​តារា​ប្រដាល់​ប្រចាំ​​សង្វៀន​បាយ័ន​យូរ​ឆ្នាំ​មក​ហើយ រីឯ​ការ​ប្រកួតបែប​​មិន​ប្រក្រតី ដែល​ទាក់​ទង​ទៅ​​នឹង​ការ​ទិញ​លក់​កីឡាករ ដើម្បី​ធ្វើ​ឲ្យ​ចាញ់​ពី​សំណាក់​ឈ្មួយ​ប្រដាល់ ក៏​អាច​ជា​ចំណុច​មួយដ៏​គួរ​បារម្ភ​ផង​ដែរ ព្រោះជារឿយៗ វង្ស ណយ គិត​ពី​បញ្ហា​លុយ​ ធំ​ជាង​កិត្តយសរបស់​ខ្លួន​ឯង។

Vong Noy_Cambosportផ្ទុយ​ទៅ​វិញ​បើ​សិនជា​ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​មាន​តម្លាភាព ក្រោម​ការ​កាត់​សេចក្តី​ដោយ​យុត្តិធម៌ និង​អាច​លប់​បំបាត់​បាន​នូវ​ការ​លូក​ដៃ​ពី​ឈ្មួយ​ប្រដាល់​​ក្នុង​ផ្លូវ​ងងឹត​នោះ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ជា​មិន​ខាន​ឡើយ ព្រោះ កែវ រំចង់ ដែល​ត្រូវ​បាន​ វង្ស ណយ វាយ​កែង​ឲ្យ​ក្រោក​លែង​រួច និង​ត្រូវ​បាន​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​ទី​ទី​២ នា​ជំនួប​​សង​សឹក​លើក​ចុង​ក្រោយ ​កាល​ពី​ថ្ងៃ​ នា​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៣នោះ កំពុង​តែ​មាន​ចិត្ត​អន្ទះសា​ក្នុង​ការ​ចង់​ផ្តួល វង្ស ណយ វិញ​ខ្លាំង​ណាស់។

​          ​លោក ​ កែវ ​សំអាង​ ជា​គ្រូ​បង្វឹក និង​ជា​ឪពុក​បង្កើត​របស់ កែវ រំចង់ ​បាន​​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​​ថា​៖​«ការ​ប្រ​កួត​លើក​នេះ ​​ខ្ញុំ​មាន​​ការ​ជឿ​ជាក់​ថា​ កូន​របស់​ខ្ញុំ​នឹង​​ឈ្នះ​៩០​ភាគ​រយ ​ប៉ុន្តែ​ខ្ញុំ​សុំ​ឲ្យ​មាន​អាជ្ញា​កណ្តាល ​និង​ចៅ​ក្រម​ប្រកាន់​នូវ​យុត្តិធម៌​ មិន​លម្អៀង សម្រាប់​កាត់​សេចក្តី​នៅ​ក្នុង​ការ​ប្រកួត​នេះ»។

​          ចំណែក​លោក​ ឈិត​ សារឹម ​គ្រូ​បង្វឹក​របស់ ​វង្ស ​ណយ បាន​​ប្រាប់​​ថា​៖«​ពួក​គេ​មាន​ភាព​ខ្លាំង​ដូច​គ្នា និង​​ផ្សេង​ពី​គ្នា​ ប៉ុន្តែ​ វង្ស ​ណយ​ មាន​ប្រៀប​​​ខាង​ប្រើ​​កែង ​ដែល​អាច​ធ្វើ​ឲ្យ កែវ ​រំចង់ ​សន្លប់​បាន​ ហេតុ​នេះ​បើ​គ្មាន​អ្វី​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ខ្នងនោះ​ទេ ​គឺ​ខ្ញុំ​ជឿ​ថា ​វង្ស ​ណយ ​មាន​សង្ឃឹម​ឈ្នះ៩០ភាគ​​រយ»។

Roeun Suphorn_cambosport

ដោយ​ឡែក​ការ​ជួប​គ្នា​របស់​ រឿង សោភ័ណ្ឌ និង ឯម វុត្ថា ​​បាន​ក្លាយ​ជា​​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ព្រោះ​​ក្នុង​អំឡុង​ឆ្នាំ​២០១៤​នេះ​​ទាំង សោភ័ណ្ឌ និង វុត្ថា មិន​ធ្លាប់​ចាញ់​ដូច​គ្នា៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77