Ads Here...

Juventus បំ​ភ្លេច​បញ្ហា​ផ្សេងៗ​ដើម្បី​ផ្តោត​ទៅ​លើ​ក្រប​ខ័ណ្ឌ​ Europa League

ក្រុម​សេះ​បង្កង់ Juventus នៅ​តែល​សល់​ការ​ប្រកួត​ចំនួន​បួន​លើក​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ឆ្លង​កាត់​ដើម្បី​ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League វគ្គ​ផ្តាច់​​ព្រ័ត្រ​ក្នុង​កីឡ​ដ្ឋាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ Turin​​។ ប៉ុន្តែ ក្រុម​កំពុង​តែ​នាំ​មុខ​លើ​តា​រាង​លីក​អ៊ី​តាលីមួយ​នេះ ហាក់​មិន​ចាត់​ទុក​អ្វី​ពិសេស​ជាង​ការ​ប្រកួត​វគ្គ​​មួយ​ភាគ​បួន​ផ្តាច់​ព្រ័ត្រ​​ជើង​ទី​១​នៅ​រាត្រី​នេះ​ជា​មួយ​នឹង​ក្រុម​របស់​បារាំង Lyon ឡើយ​។

Nike-Juventus-13-14-Home-Kit-Header1

ការផ្តោត​អារម្មណ៍​ដ៏​ពិសេស​នេះ​បានកើត​ឡើង​ក្រោយ​ពួក​គេ​បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​លីក​ជា​លើក​ទី​២​របស់​ពួក​គេ​ក្នុង​ចំ​ណោម​៣១​ប្រកួត​ក្រម​ស្នា​ដៃ​ក្រុម Napoli កាល​ពី​ចុង​សប្តាហ៍​។ ហេតុ​នេះ Juventus នឹង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-០ មិន​មែន​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ពី​ការ​ធ្លាក់​ចុះ​ទម្រង់លេង​ឡើយ​។ លោក Antonio Conte ដែល​ជា​គ្រូ​បង្វឹក បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​មួយ ក្រោយ​ពី​ការ​ធ្វើ​ដំ​ណើរ​ទៅ​ប្រកួត​នៅលើ​ទឹក​ដីក្រុម Napoli ដែល​នៅ​ពេល​នោះ​លោក​បាន​និយាយ​ថា៖ «កីឡាករ​មាន​ការ​ហេវ​ហត់​អស់​កម្លាំង​ក្នុង​ក្រុម​របស់​ខ្ញុំ ដែល​នោះ​ជា​រឿង​គេច​មិន​ផុត​នៅពេល​ដែល​ពួក​គេ​​លេង​ការ​ប្រកួត​រៀង​រាល់​បី​ថ្ងៃ​ម្តង និង​មិន​អាច​ផ្លាស់​ប្តូរ​បាន​ដោយ​សារ​តែ​បញ្ហា​របួស​​»​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម​ម្ចាស់​ជើង​ឯក​របស់​ស្វ៊ីស Basel នឹង​ត្រូវ​ប្រកួត​ជើង​ទី​១​របស់​ពួក​គេ​ជា​មួយ​នឹង​ Valencia ដែល​ជា​ក្រុម​ម្ចាស់​ជើង​ឯក UEFA Cup ឆ្នាំ​២០០៤ ក្នុង​កីឡ​ដ្ឋាន​បិទ​ជិត​មួយ ក្រោយពី​ត្រូវ​បាន​ពិន័យ​​សម្រាប់​ការ​ប្រើ​ឥរិយា​បថ​ហិង្សា​ពី​សំ​ណាក់​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​។ សមា​គម​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប​ហៅ​កាត់​ថា UEFA ក៏​បាន​ពិន័យ FC Basel នូវ​ទឹក​ប្រាក់​១០៧.០០០​អឺ​រ៉ូ (ស្មើ​នឹង​១៤៧.០០០​ដុល្លារ​អាមេ​រិក) ផង​ដែរ ក្រោយ​ពី​វត្ថុ​ផ្សេង​ៗ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ដែក​កេះ​ជក់​បារី ត្រូវ​បាន​បោះ​​ចូល​ទៅក្នុង​ទី​លាន​ក្នុង​ការ​ប្រកួត​វគ្គ១៦​ក្រុម​ចុង​ក្រោយ​របស់​ពួក​គេ​ជា​មួយ​នឹង​ក្រុម Salzburg ខណៈ​ដែល​អាជ្ញា​កណ្តាល​បាន​ផ្អាក​ការ​ប្រកួត​រយៈ​ពេល​១០នាទី​។ ដោយ​ឡែក ក្រុម AZ Alkmaar នឹង​ត្រូវ​ជួប​ជា​មួយ​នឹង Benfica ដែល​ជា​ក្រុម​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រដូវ​កាល​មុន និង​ជា​ក្រុម​បាន​ទម្លាក់ Tottenham Hotspur កាល​ពី​វគ្គ​មុន​។ Sevilla ដែល​ជា​ក្រុម​របស់​អេ​ស្ប៉ាញ​ចុង​ក្រោយ នឹង​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​២០១១ Porto ដែល​បាន​ទម្លាក់​ក្រុម Napoli ចេញ​ពី​យុទ្ធ​នាការ​នេះ​ជា​មួយ​នឹង​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​ក្នុង​លទ្ធផល ៣-២ កាល​ពី​ជុំ​មុន​។ ការ​ប្រកួត​ទាំង​អស់​នឹង​ប្រព្រឹត្ត​ទៅ​នា​វេលា​ម៉ោង​២:០៥​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)​​៕