v9

វេស្ទើន​ បារម្ភ​ពេល​ជួប​ស្វាយរៀង​ ថ្ងៃ​នេះ​

4 years ago​ | ដោយ 007

«វា​ពិបាក​និយាយ​ពី​លទ្ធ​ផល​ទុក​បាន​ណាស់ សម្រាប់​ការ​ជួប​ស្វាយ​រៀង នៅ​ថ្ងៃ​នេះ ព្រោះកីឡាករ​របស់​យើង​មាន​របួស​ច្រើន» នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​ក្រុម​វេស្ទើន ខណៈ​វេស្ទើន ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​ស្វាយ​រៀង សម្រាប់​ការ​ប្រកួត​លើកទី​៧​ក្នុង​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេម​បូឌាន​​លីក ឆ្នាំ​២០១៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​វេលា​ម៉ោង ៣:៣០ រសៀល​ថ្ងៃ​ពុធ​នេះ។ការ​ខក​ខាន​មិន​បាន​ប្រកួត​មួយ​លើក ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​ស្វាយ​រៀង និងវេស្ទើន ​មាន​ចំនួន​នៃ​ការ​ប្រកួត​តិច​ជាង​កុ្រម​​១០​ទៀត​១ប្រកួត  ប៉ុន្តែ​​​ការ​ប្រកួត​បង្រ្គប់​​ការ​ខន​ខានមួយ​នេះ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ឱកាស​​​សម្រាប់​​ស្វាយ​រៀង ក្នុង​ការ​ធ្វើ​ឲ្យ​ទីតាំង​លេខរៀង​ទី​៤​របស់​ក្រុម​មួយ​នេះកាន់​តែ​រឹង​មាន ព្រោះ​វេស្ទើន ដែល​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​នោះ ប្រហែល​ជា​មិន​អាច​​រារាំង​ការ​រក​គ្រាប់​បាល់​របស់​ស្វាយ​រៀង បាន​ឡើយ។

Cambosport-MCL_Western Vs Svayreangសកម្ម​ភាព​ប្រកួត​របស់​វេស្ទើន(ក្រហម) និង​ក្រសួងការពារជាតិ នា​ពេល​កន្លង​មក។

លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​របស់​ស្វាយ​រៀង បាន​និយាយ​ថា​៖​«យើង​ធ្លាប់​ឈ្នះ​វេស្ទើន ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ចំនួន​២​លើក ហេតុ​នេះ​ខ្ញុំ​នៅ​តែ​ជឿ​ជាក់​ថា ​ការ​ប្រកួត​លើក​នេះ​​យើង​នៅតែ​ទទួល​បាន​ជ័យ​ជម្នះ ព្រោះយើង​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​បំផុត ហើយ​កីឡាករ​របស់​យើង​ក៏​គ្មាន​របួស​អ្វី​នោះ​ដែរ»។

សម្រាប់​ការ​ប្រកួត​៦​លើក​កន្លង​មក​នេះ​ស្វាយ​រៀង បានឈ្នះ​៣ ស្មើ​២ និង​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ ហើយ​ក្រុម​មួយ​នេះ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៤ ដោយ​មាន​១១ពិន្ទុ​នៅ​ក្នុង​ដៃ ខណៈ​ចំការកៅស៊ូបឹង​កេត ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​មាន​១៥​ពិន្ទុ ណាហ្គាខប ឈរ​​​លេខ​រៀង​ទី​២ ដោយមាន​១៦​ពិន្ទុ​ស្មើ​ភ្នំពេញ​ក្រោន ប៉ុន្តែ​ណាហ្គាខប មាន​គ្រាប់​បាល់​ចំណេញ​តិច​ជាង​ភ្នំពេញ​ក្រោន ចំនួន​២​គ្រាប់។

ផ្ទុយ​ពី​នេះ​​ការ​យក​កីឡាករ​ឆ្នើមៗ​នៅ​ក្រុម​ទៅ​លេង​នៅ​ក្នុង​កម្ម​វិធីTiger Street Football 2014 ដែល​បាន​បញ្ចប់​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​ក្រុម​​វេស្ទើន កំពុង​តែ​ជួប​វិបត្តិ​ទៅ​លើ​រឿង​កីឡាករមាន​របួស ដែល​នេះ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​វេស្ទើន ចាញ់​​ក្រុម​​បាត​តារាង Albirex Niigata ក្នុង​លទ្ធ​ផល ១ សម្រាប់​ការ​ប្រកួត​លើក​ទី​៦ កាល​ពី​ថ្ងៃ​អាទិត្យនោះ ហើយ​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ​វេស្ទើន នៅ​ពេល​នេះ​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី១០ ដោយ​មាន​៥​ពិន្ទុ​នៅ​ក្នុង​ដៃ ជា​មួយ​​ការ​ឈ្នះ​១ ស្មើ​២ និង​ចាញ់​៣​ប្រកួត។

សម្រាប់​​ការ​ជួប​ស្វាយ​រៀង ក្នុង​ការ​ប្រកួត​លើកទី​៧​​នេះ​លោក មាស សំអឿន គ្រូ​បង្គោល​​របស់​វេស្ទើន បាន​ប្រាប់​​ថា​៖​«​កីឡាករ​របស់​ខ្ញុំ​មាន​របួស​ច្រើន​នាក់ ដោយ​សារ​ពួក​គេ​បាន​​លួចទៅ​​លេង​នៅ​ក្នុង​កម្ម​វិធី​ប្រកួត Tiger Street Football 2014 ដោយ​ខ្ញុំ​មិន​បាន​ដឹង ហើយ​​ការ​ចាញ់​ក្រុមបាតតារាង Albirex Niigata ក៏​ដោយ​សារ​តែ​បញ្ហា​របួស​កីឡាករ​​នេះ​ដែរ ហេតុ​នេះ​ហើយ​ការ​ជួប​ស្វាយ​​រៀង នៅថ្ងៃ​នេះ​​យើង​ពិបាក​និយាយ​ពី​លទ្ធ​ផល​ទុក​មុន​បាន​ណាស់»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77