v9

Leo Cup មណ្ឌលភ្នំពេញ ប្រកួតបញ្ចប់ក្នុងពូលនៅថ្ងៃនេះ

4 years ago​ | ដោយ 007

ការ​ប្រកួត​កីឡា​បាល់​ទះ​ជម្រុះ ​ប្រចាំ​​មណ្ឌល​រាជធានី​ភ្នំពេញ ​នៃ​ពាន​រង្វាន់​លីអូបៀរ លើក​ទី​៣ ប្រចាំ​ឆ្នាំ​២០១៤( Leo Cup National ​Volleyball​ 2014) នឹង​ធ្វើការ​ប្រកួត​បញ្ចប់​ពូល​ទាំង​៤​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ​ទាំង​៤ ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ខ្វែង​៨​ក្រុម នៅ​ថ្ងៃ​សុក្រ។

នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​មណ្ឌល​មួយ​នេះ មាន​ក្រុម​ចូល​រួម​ចំនួន​១២​ក្រុម និង​បាន​បែង​ចែក​ការ​ប្រកួត​ជា​៤​ពូល ដោយ​ក្នុង​មួយៗ​មាន​៣​ក្រុម ហើយ​២​ក្រុម​​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២​ប្រចាំ​ពូល​នីមួយៗ នឹង​ត្រូវ​បាន​ឡើង​ទៅ​ប្រកួត​ជាបន្ត​ទៀត នៅ​វគ្គ​ខ្វែង​៨​ក្រុម ដើម្បី​ប្រជែង​យក​កៅ​អី​ចំនួន​២ ប្រចាំ​នៅ​មណ្ឌល​នេះ។

យើង​តាម​លទ្ធ​ផល​នៃ​ការ​ប្រកួត នៅ​លើទីលាន Beeline Arena កាល​ពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ កន្លង​មក​នេះ ក្រុម​ឈរ​នៅ​ពូល​A បញ្ជាការ​ដ្ឋានអង្គរក្ស និង​ក្រុមសមាគម​និស្សិត បាន​យក​ឈ្នះ​លើ​ក្រុម​សមាគម​កីឡា​បាល់​ទះ​ខេត្ត​កណ្តាល ក្នុង​លទ្ធ​ផល​ ៣-០ ដូច​គ្នា ហើយ​លទ្ធ​ផល​នេះ​បាន​​ធ្វើ​ឲ្យ​សមាគម​កីឡា​បាល់​ទះ​ខេត្ត​កណ្តាល ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ ខណៈ​បញ្ជាការ​ដ្ឋានអង្គរក្ស និង​សមាគម​និស្សិត ត្រូវ​ធ្វើ​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២​ប្រចាំ​ពូល​​នេះ​ នា​​រសៀល​ថ្ងៃ​ពុធ​នេះ។

cambosport_leo cup2014សកម្ម​ភាព​នៃ​ការ​ប្រកួត​ជម្រុះ​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ​នៃ​ពាន​រង្វាន់​លីអូបៀរ កន្លង​មក

          ចំណែក​ការ​ប្រកួត​នៅ​ក្នុង​ពូល​B ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង បាន​យក​ឈ្នះ​ក្រុម​វិទ្យាល័យ​ឫស្សីកែវ និង​ក្រុម​អង្គការ​ភាព​ញញឹម​នៃ​កុមារ ក្នុង​លទ្ធ​ផល ៣-០​ ដូច​គ្នា ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​​នេះ រីឯ​វិទ្យាល័យ​ឫស្សីកែវ និង​អង្គការ​ភាព​ញញឹម​នៃ​កុមារ ត្រូវ​ប្រកួត​ដណ្តើម​យក​លេខ​២ នៅ​ថ្ងៃពុធ​នេះ។

ដូច​គ្នា​នេះ​ដែរ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សង្កាត់​វាល​ស្បូវ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​​ប្រចាំ​ពូល​C បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​យក​ឈ្នះលើ​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានីផ្សារ​ដើម​ថ្កូវ ៣-០ មុន​ពេល​​ទៅ​បំបាក់​ក្រុម​វិទ្យាល័យ​ជាស៊ីម​ជ្រោយ​ចង្វារ ៣-០ ទៀត​នោះ  ហេតុ​នេះ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានីផ្សារ​ដើម​ថ្កូវ និង​​វិទ្យាល័យ​ជាស៊ីម​ជ្រោយ​ចង្វារ ត្រូវ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​២ ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ខ្វែង។

ចំពោះ​ក្លិប​កីឡា​បាល់​ទះ LP បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​D ដោយ​សារ​​ក្រុម​នេះ​បាន​យក​ឈ្នះក្រុមសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំចាយមារ ៣-២ និង​បាន​​ទៅ​លត់​ក្លិប​កីឡា​បាល់​ទះ​វិហារសូគ៌ ៣-០ ​ហេតុ​នេះ​ក្លិប​កីឡា​បាល់​ទះ​វិហារសូគ៌ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំចាយមារ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​២​ប្រចាំ​ពូល​នេះ​នៅ​ថ្ងៃ​នេះ។

សម្រាប់​កម្ម​វិធីប្រកួនៅ​ថ្ងៃ​ពុធ​នេះ

–          វិទ្យាល័យឫស្សីកែវ Vs អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ នៅ​ម៉ោង ១២:៣០

–          សមាគម​និស្សិត Vs បញ្ជាការដ្ឋានអង្គរក្ស នៅ​ម៉ោង ១៤:០០

–          វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​ផ្សារដើម​ថ្កូវ Vs វិទ្យាល័យ​ជា​ស៊ីម​ជ្រោយ​ចង្វារ ​ម៉ោង ១៥:៣០

–          សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំចាយមារ Vs ក្លិប​កីឡា​បាល់​ទះ​វិហារសួគ៌ ម៉ោង ១៧:៣០៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77