Man Utd ធ្វើឲ្យខកចិត្ត Bayern ខណៈគ្រូបង្វឹក Barca រីករាយនឹងលទ្ធផលស្មើ
Manchester United បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកត់សម្គាល់មួយដើម្បីទទួលបានលទ្ធផលស្មើជាមួយនឹង Bayern Munich ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គមួយភាគបួនផ្តាច់ព្រ័ត្ររបស់ពួកគេនៅឯកីឡដ្ឋាន Old Trafford កាលពីថ្ងៃអង្គារ។
ប៉ុន្តែ គ្រាប់បាល់ក្រៅដីរបស់ខ្សែបម្រើ Bastian Schweinsteiger បានផ្តល់ឲ្យក្រុមម្ចាស់ការពារតំណែងជើងឯក Bayern នូវការមានប្រៀបមួយនៅមុនពេលការប្រកួតជើងទី២ក្នុងទីក្រុង Munich នៅថ្ងៃពុធក្រោយ។ Man United ហាក់បានបង្ហាញថា ពួកគេបានបំភ្លេចភាពត្រដាបត្រដួសនាពេលថ្មីៗនេះក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅទឹកដីខ្លួនឯង នៅពេលដែលប្រធានក្រុម Nemanja Vidicបានតែតបាល់បញ្ចូលទីក្រោយពីការបញ្ជូនបាល់ចេញពីជ្រុងរបស់ខ្សែប្រយុទ្ធ Wayne Rooney នៅមុនពេលឈានចូលនាទី ទី៦០។
ក្រុមម្ចាស់ជើងឯក ដែលបានគ្រប់គ្រងបាល់យ៉ាងច្រើន ប៉ុន្តែ មិនបានបង្កើតឱកាសដ៏ល្អជាច្រើននោះ បានវាយបកវិញភ្លាមៗ និងបានតាមស្មើក្នុងរយៈពេល៩នាទីក្រោយមក នៅពេលដែលខ្សែបម្រើ Schweinsteigerរកគ្រាប់បាល់បំប៉ោងសំណាញ់ក្រោយពីការបញ្ជូនបាល់ដោយក្បាលរបស់ខ្សែប្រយុទ្ធ Mario Mandzukic ដើម្បីជួយឲ្យក្រុមរបស់លោក Pep Guardiola នូវការមានប្រៀបដ៏សំខាន់មួយមុននឹងឈានទៅប្រកួតនៅកីឡដ្ឋាន Allianz Arena។
ស្របពេលជាមួយគ្នានេះផងដែរ លោក Gerardo Martino អ្នកចាត់ការទូទៅរបស់ Barcelona ជឿជាក់ថា ក្រុមរបស់លោកបានធ្វើរាល់អ្វីៗទាំងអស់ដើម្បីទម្លុះខ្សែការពាររបស់ក្រុម Atletico Madrid ខណៈដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅឯកីឡដ្ឋាន Camp Nou ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេកាលពីថ្ងៃអង្គារ។ ខ្សែបម្រើប្រយុទ្ធ Diego Ribas បានជួយឲ្យ Atletico នាំមុខមុនជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី១១ក្នុងតង់ទី២ ប៉ុន្តែ Barcelona បានវាយបកវិញនៅនាទី ទី១៩ចុងក្រោយ នៅពេលដែល Neymar បានរកគ្រាប់បាល់បំប៉ោងសំណាញ់ ក្រោយពីការបញ្ជូនបាល់របស់ខ្សែបម្រើ Andres Iniesta។ គ្រាប់បាល់បញ្ចូលទីទាំងនេះ បានធ្វើឲ្យក្រុមទាំងពីរ បញ្ចប់ក្នុងលទ្ធផលស្មើជាលើកទីបួនក្នុងចំណោមការជួបគ្នានៅរដូវកាលនេះ៕