v9

Real Madrid ត្រូវ​​បាន​គេ​ចាត់​ទុក​​ថា​ជា​ក្រុម​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ក្រុម​ទាំង ៨

4 years ago​ | ដោយ Neymar

​ការ​ចាប់​ឆ្នោត​រើស​គូ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខណ្ឌ UEFA Champion League នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០១៤ នេះនៅ​ទី​ស្នាក់​ការ​របស់ UEFA នៅ​ក្នុង​ទី​ក្រុង​ Nyon នៃ​ប្រទេស​ស្វីស​។ ៨ ក្រុម​ដែល​នឹង​ត្រូវ​ធ្វើ​ការ​ចាប់​ឆ្នោត​ល្ងាច​នេះ​មាន​ដូច​ជា៖  Atletico Madrid (ESP), Barcelona (ESP), Bayern Munich (GER), Borussia Dortmund (GER), Chelsea (ENG),  Manchester United (ENG),  Paris Saint Germain (FRA), និង Real Madrid (ESP)។

FBL-EUR-C1-DRAW

Real Madrid របស់​អេស្ប៉ាញ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ខ្លាំង​ជាង​គេក្នុង​ចំ​ណោម​ក្រុម​ទាំង​ ៨ ខាង​លើ​ ព្រម​ទាំង​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ដណ្ដើម​ដំ​ណែង​ជើង​ឯក​ឆ្នាំ​នេះ ខណៈពេល​ដែល​ក្រុម Manchester United អង់​គ្លេស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​យ៉ាប់​បំ​ផុត​ក្នុង​ចំណ់ម​ក្រុម​ទាំង​ ៨ នោះ។

១០ ប្រកួត​ចុង​ក្រោយ​របស់ Real Madrid (នៅ​ក្រប់​កម្ម​វិធី) គឺ​ឈ្នះ ៩ ដង​ ស្មើ​តែ​ម្ដង​គត់ ដែល​ស៊ុត​បញ្ជូល​ទី​គូ​ប្រកួត​រហូត​ដល់ ៣០ គ្រាប់ ហើយ​របូត​វិញ​ត្រឹម​តែ ៦ គ្រាប់​ប៉ុណ្ណោះ។ ចំណែក​ឯ Man Utd ​វិញ ១០ ប្រកួត​ចុង​ក្រោយ (នៅ​ក្រប់​កម្ម​វិធី) ឈ្នះ​បាន​តែ​ ៥ ទេ ខណៈ​ស្មើ​ ២ ដង និង​ចាញ់​រហូត​ដល់​ទៅ ៣ ដង រក​បានគ្រាប់​បាល់​​តែ ១៥ គ្រាប់​ប៉ណ្ណោះ​ ​​ហើយ​បាន​របូត​គ្រាប់​បាល់​វិញ​រហូត​ដល់​ ១០ គ្រាប់ផង​ដែរ។

ក្រុម​ទាំង​ ៨ នេះ​ត្រូវ​បាន​គេ​ចាត់​ចំ​ណាត់​ថ្នាក់​ពី​ក្រុម​ខ្សោយ​ជា​ង​គេ​ទៅ​ខ្លាំង​ជា​គេ​បំ​ផុត​ដូច​ខាង​ក្រោម៖

ទី ៨ – Manchester United របស់​អង់​គ្លេស​៖ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាប់​យ៉ឺន ក្រោម​ការ​ដឹក​នាំ​របស់​លោកគ្រូ​បង្វឹក David Moyes។ បញ្ហា​ជា​ច្រើន​បាន​ចោទ​ឡើង​ចំ​ពោះ​ក្លឹប​ជើង​ខ្លាំង​មួយ​នេះ កីឡាករ​ហាក់​ដូច​ជា​បាត់​ជំ​នឿ​ចិត្ត​លើ​ខ្លួន​ឯង និង​មិន​សូវ​មាន​ទំ​នុក​ចិត្ត​លើ​គ្រូ​បង្វឹក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទម្រង់​លេង​មាន​ការ​ធ្លាក់​ចុះ។ បញ្ហា​តែ​ង​តែ​កើត​ឡើង​ជា​ញឹក​ញ៉ាំប់​នៅ​តំ​បន់​ការពារ ខណៈ​ពេល​ដែល​កីឡាករ​ខ្សែ​ការ​ពារ​ជើង​ចាស់​មួយ​ចំ​នួន​ចង់​ចាក​ចេញ​ពី​ក្លឹប។

ទី៧ – Borussia Dortmund របស់​អា​ឡឺ​ម៉ង់៖ កីឡាករ​ល្អ​ៗ​មួយ​ចំនួន​របស់​ក្លឹប​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុម​ Batyern Munich ​និង​ក្លឹប​ធំ ៗ​មួយ​ចំ​នួន​ទៀត។ ទម្រង់​លេង​របស់​ក្លឹប​ធ្លាក់​ចុះ​បន្ទាបើ​ពី​កីឡាករ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ធំ​កំ​ពុង​ញ៉ាំ​ញី​ដោយ​សារ​របួស។ លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​កំពុង​ព្យាយាម​​ដឹក​នាំ​ក្រុម​មួយ​នេះ​បាន​យ៉ាង​ល្អ ទោះ​បី​ជា​មិន​សូវ​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ក៏​ដោយ។

ទី៦ –  Atletico Madrid ​របស់​អេស្ប៉ាញថ្វី​ត​ត្បិត​តែ​កំ​ពុង​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ពិត​មែន​ប៉ុន្ដែ​ក្រុម​មួយ​នេះ​មាន​បទ​ពិ​សោធ​ន៍​តិច​តួច​ណាស់​ជា​មួយ​នឹង​ក្រប​ខណ្ឌ UEFA Champion League ជា​ពិសេស​មក​ដល់​វគ្គ ៨​ ក្រុម​ចុង​ក្រោយ​នេះ។ កីឡាករ​ខ្សែ​ប្រយុទ្ធ​ដើម​កំ​ណើត​អេស្ប៉ាញ Diego Costa ជា​កំ​លាំង​សំ​ខាន់​របស់​ក្លឹប ប៉ុន្ដែ​បើ​និយាយ​ពី​បទ​ពិ​សោធ​ន៍​ជា​មួយ​ Champion League វិញ​គឺ​គេ​មិន​សូវ​មាន​ទេ។

ទី៥ – Chelsea របស់​អង់​គ្លេស​ ៖ ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ក្លឹប​តោ​ខៀវ Chelsea កំ​ពុង​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ជា​ពិសេស​តំ​បន់​បម្រើ និង​ការ​ពារ​របស់​ក្លឹប ​ខណៈ​បញ្ហា​ចោទ​របស់​ក្លឹប​នា​ពេល​នេះគឺ នៅ​តំ​បន់​ប្រ​យុទ្ធ។ លោក Jose Mourinho ​បើ​ទោះ​បីជា​​ធ្លាប់​នាំ​ជោ​គ​ជ័​ច្រើន​ឲ្យ Chelsea មែន​ប៉ុន្ដែ​លោក​មិន​ធ្លាប់​នាំ​ពាន​ Champion League ឲ្យ Chelsea ម្ដង​ណា​ឡើយ។

ទី៤ – ​Paris Saint Germain របស់​បា​រាំង​ ​អ្នក​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជា​ក្រុម​អ្នក​មាន​ថ្មី ហើយ​ជា​ក្រុម​ដែល​ហ៊ាន​ចំ​ណាយ​ច្រើន។ កីឡាករ Zlatan Ibrahimovic ជា​កីឡាករ​សំខាន់​ជាង​គេ​របស់​ក្លឹប ហើយ​ជា​កីឡាករ​ដែល​មាន​បទ​ពិ​សោធ​ន័​ក្រាស់​ក្រែល​ក្នុង​ការ​ប្រ​កួត Champion League ជា​មួយ​ក្រុម​ធំៗ​នៅ​ក្នុង​តំ​បន់​អ៊ឺ​រ៉ុប។

ទី៣ – FC Barcelona របស់​អេស្ប៉ាញ ៖ ធ្លាប់​ជា​ក្រុម​ដែល​គ្រប់​គ្នាទទួល​ស្គាល់​ថា​ជា​ក្រុម​ខ្លាំង​ជាង​គេ​បំ​ផុត​នៅ​លើ​ពិ​ភព​លោក ប៉ុន្ដែ​ពេល​នេះ​មិន​ដូច​គ្នា​ឡើយ​ប់​ទោះ​បី​ជា​ក្រុម​មួយ​នេះ​បាន​ចំ​ណាយ​​លុយ​ទិញ​កីឡាករ​ថ្មី​ៗ​មួយ​ចំនួន​ក៏​ដោយ​។ ប៉ុ​ន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​កីឡាករ Lionel Messi នៅ​តែ​ជា​កីឡាករ​គ្រោះ​ថ្នាក់​បំ​ផុត​សម្រាប់​ក្រុម​ផ្សេង​ៗ​ទៀត។

ទី២ – Bayern Munich របស់​អា​ឡឺ​ម៉ង់ជា​ក្រុម​ខ្លាំង​ ដែល​ក្រុម​ដដទៃទៀត​មិន​ប្រាថ្នា​ជួប ក្នុង​វគ្គ​ ៨ ចុង​ក្រោយ​មួយ​នេះ​ ប៉ុន្ដែ​ក្រុម​នេះ​មាន​ប្រ​វត្តិ​មិន​សូវ​ល្អ​ពេល​ជួប​ក្រុម​មក​ពី​អង់​គ្លេស​។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Guardiola នៅ​តែ​បន្ដ​តាម​ប្រ​មាញ់​កីឡាករ​ល្អៗ​ពី​ក្លឹប Dortmund បើ​ទោះ​បី​ជា​នៅ​ក្នុង​ក្លឹប​មាន​កីឡាករ​ល្អ​ៗ​ច្រើន​រាប់​អស់​ក៏​ដោយ។

ទី១ – Real Madrid របស់​អេ​ស្ប៉ាញ៖ ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ក្លឹប​មួយ​នេះ​កំ​ពុងតែ​មាន​ភាព​ជឿ ជាក់​ខ្ពស់​ក្នុង​ការ​ដណ្ដើម​ពាន​ ជា​មួយ​នឹង​ក្រុម​កីឡាករ​ល្អ​ៗរបស់​ក្លឹប។  Ronaldo និង Garath Bale កំ​ពុង​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ឲ្យ Real Madrid ស្រប​ពេល​ជា​មួយ​កីឡាករ Di Maria និង Benzema ជា​កីឡាករ​ដែល​មិន​អាច​មើល​រំលង​បាន។ ​

Real-Madrid-Team-2014-Wallpaper-Football-Club-Real-Madrid-2014

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77